ព័ត៌មានជាតិ

ហាយឡែនឌ័របើកបុកមេគោមួយក្បាលងាប់ ហើយបន្តដំណើរទៅបាត់ ទុកឲ្យសមត្ថកិច្ចដឹកយក​ទៅរក្សាទុកនៅសាលាសង្កាត់!

ភ្នំពេញ: មេគោមួយក្បាល ត្រូវបានរថយន្តហាយឡែនឌ័រមួយគ្រឿងបើកបុក បណ្តាលឲ្យងាប់ រថយន្តបន្តដំណើរទៅបាត់ សមត្ថកិច្ចដឹកយកគោទៅរក្សាទុកនៅសាលាសង្កាត់ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​។

មេគោមួយក្បាលងាប់ខាងលើ មិនត្រូវបានស្គាល់ម្ចាស់ឡើយ ឃើញដើរទាំងយប់ថ្ងៃ នៅតាមផ្លូវ ទីសាធារណ: ចំណុចខាងលើ​។ ចំណែករថយន្ត គ្រាន់តែពលរដ្ឋប្រាប់ថា ម៉ាកហាយឡែនឌ័រ ពណ៌ខៀវ អ្នកបើកបរ ចុះមើលរថយន្តហើយ បន្តដំណើរចាកចេញទៅបាត់​។

តាមសន្តិសុខយាមហាង បានឲ្យដឹងថា មុនកើតហេតុ ឃើញគោ២ក្បាលដើរតាមផ្លូវ ពីកើតទៅលិច លើផ្លូវបញ្ច្រាស សសៀរស្របតាមទ្រូងផ្លូវ លុះដល់ចំណុចខាងលើ ដើរឆ្លងផ្លូវទៅត្បូង ស្របពេលដែលរថយន្ត ហាយឡែនឌ័រ បើកពីលិចទៅកើត ព្យាយាមគេ គោរត់កាត់មុខទើប បណ្តលឲ្យបុកពីចំហៀងបណ្តាលឲ្យបាក់ជើងផ្នែកខាងស្តាំទាំងមុខក្រោយ​​។

ក្រោយកើតហេតុ រថយន្តឈប់ម្ចាស់ចុះមើល រកម្ចាស់គោមិនឃើញ បន្តដំណើរចាកចេញទៅបាត់ សត្វគោ​ត្រូវបានសមត្ថកិច្ចដឹកយកមកទរក្សាទុកនៅសាលាសង្កាត់ចោមចៅ៣ ស្រាវជ្រាវរកម្ចាស់​។

បើតាមប្រជាពលរដ្ឋវិញ បានលើកឡើងថា ផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចខាងលើ និងផ្លូវទំនប់កប់ស្រូវ ភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ សត្វ​ហ្វូងគោ ឃើញដើរស៊េរី​តាមផ្លូវ ដេកលើសួនច្បាររបស់សាលាក្រុង ទាំងយប់ថ្ងៃ គ្មានខាងណារវល់យកភ្នែកមើលទេ បង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អ្នកដំណើរតាមផ្លូវ រកម្ចាស់មិនឃើញទេ ក្លាយជាគោទំនើងទៅហើយ មិនដឹងថាពេលណាទើបអាជ្ញាធរមានវិធានការ​៕

មតិយោបល់