ព័ត៌មានជាតិ

រកឃើញកាបូបដែលត្រូវចោរឆក់ជាច្រើននៅក្នុងបន្ទប់ជួល ក្រោយចាប់ជនសង្ស័យចំនួន៧នាក់​!

ភ្នំពេញ: កាបូបជាច្រើនដែលត្រូវចោរឆក់ពីអ្នកដំណើរតាមផ្លូវជាពិសេសឆក់ពីជនបរទេសនោះ ត្រូវបានកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ រកឃើញនៅក្នុងបន្ទប់ជួលមួយកន្លែង ខណ:ដែលកម្លាំងនគរបាលខាងលើចូលទៅចាប់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ដែលជាប់សង្ស័យថាជាមុខ​សញ្ញាចោរឆក់យ៉ាងសកម្ម១ក្រុមដែលតែងធ្វើសកម្មភាពឆក់នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដោយចាប់នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប១ បានម្នាក់និងដកហូតបានម៉ូតូ១គ្រឿង។ បន្ទាប់មកបានបន្តទៅចាប់នៅចំណុចបន្ទប់ជួលភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ ឃាត់បាន ចំនួន៦នាក់ ព្រមទាំងដកហូតបានកបូបដែលក្រុមនេះឆក់បានកន្លងមកជាច្រើនទៀត។

ជនសង្ស័យទាំង៧នាក់នោះរួមមានទី១​ឈ្មោះ ប៊ុន ដូច ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២​ឈ្មោះ សេង សៀកវ៉ាយ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះលេខ១១ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី៣​ឈ្មោះ ចាន់ បូរមី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិប្រសូត្រ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ទី៤​ឈ្មោះ សៀន ពិសី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។ ទី៥ឈ្មោះ ចាន់ សម្បត្តិ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិក្ដឿងរាយ ឃុំក្ដឿងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ទី៦​ឈ្មោះ ផាន់ ស្រីភាក់ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ និងទី៧​ឈ្មោះ ស កក្កដា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលដំរី សង្កាត់កាកសប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលចាប់ខ្លួន នគរបាលដកហូតបានម៉ូតូ១គ្រឿងស៊ុយហ្ស៊ុយគីលែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1GI-0207 ដែលជាមធ្យោបាយជនសង្ស័យជិះធ្វើកម្មភាពឆក់​រាល់ថ្ងៃ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួនក្រុមដៃ ស្អិតទាំងនេះ បានកម្លាំងនគរបាលបានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ខណ:ដែលបានប្រទះឃើញជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥មួយគ្រឿងនិងម៉ាកស៊ុយហ្ស៊ុយគីលែត១គ្រឿង បម្រុងឆក់កាបូបជនជាតិចិនម្នាក់។ ប៉ុន្តែមិនទាន់បានឆក់ផងក៏ត្រូវបានកម្លាំង ដេញតាមឃាត់បានម្នាក់និងដកហូតបានម៉ូតូ១គ្រឿង ចំណែកបក្ខពួក២នាក់ទៀតជិះម៉ូតូហុងដាឌ្រីមគេចខ្លួនបាត់។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលចាប់ខ្លួនធ្វើការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានចេញធ្វើសកម្មភាពឆក់មែនហើយម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែត១គ្រឿងនោះខ្លួនបានខ្ចីបក្ខពួកជិះ។ បន្ទាប់មកនគរបាលបាននាំជននេះទៅចង្អុលបង្ហាញពីទីតាំងដែលបក្ខពួកលាក់ខ្លួនរួចឃាត់ខ្លួនបានចំនួន៦នាក់ទៀត ព្រមទាំងរកឃើញកាបូបលុយដែលពួកនេះធ្វើសកម្មភាពឆក់ក្នុងពេលកន្លងមកជាច្រើន។ មិនតែប៉ុណ្ណោះកម្លាំងនគរបាលក៏បានរកឃើញឧបករណ៍កាច់សោម៉ូតូនិងគាស់ផ្ទះមួយចំនួនទៀ​តផងដែរ ហើយក្រោយចាប់ខ្លួននគរបាលបានបញ្ជូនក្រុមជនសង្ស័យទៅកាន់អធិការដ្ឋានខណ្ឌ ដើម្បីសាកសួរឈានទៅរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ព្រមទាំងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់