ភ្នំពេញៈ នារីវ័យក្មេងម្នាក់ បានបោកក្បាលស្លាប់យ៉ាងអាណោចអធម័ជាទីបំផុត បន្ទាប់ពីមានរថយន្តឡិចស៊ីសមួយគ្រឿង មិនចាំស្លាកលេខ បានដេញបុកម៉ូតូពីក្រោយអូសប្រមាណ២០០ម៉ែត្រ ក្រោយពីបុកហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល។
ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០១១ ចំណុចខាងលិចចំការព្រីង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំជាង មានស្រុកកំណើតនៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីសមួយគ្រឿង មិនចាំពណ៌និងស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានដេញបុកម៉ូតូZOOMER-Xពណ៌សលាយទឹកក្រូច ស្លាកលេខដាច់បាត់ ជិះដោយនារីវ័យក្មេងម្នាក់ធ្វើដំណើរស្របគ្នានៅខាងមុខចំក្រោយពេញទំហឹងអូសទាំងម៉ូតូនិងនារីរងគ្រោះប្រមាណ២០០ម៉ែត្រ បណ្ដាលក្បាលបែកស្លាប់ក្នុងថ្លុកឈាម។ ភ្លាមៗនោះដែររថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោលសូន្យឈឹង និងធ្លាក់កាងអក្សរឡិចស៊ីស ហើយបន្សល់ទុកនារីវ័យក្មេងនិងម៉ូតូគួរឲ្យសង្វេកណាស់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំសាច់ញាតិយកឯកសារមកនិងប្រគល់ជូនវិញ។ ចំណែកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែករថយន្តបង្កក្រោយពីបងប្អូនដាក់ពាក្យបណ្ដឹងរួចសមត្ថកិច្ចនិងស្រាវជ្រាវឈានទៅដល់ចាប់រថយន្តបង្កនិងម្ចាស់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់