ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទីនគរបាលប៉ុស្តិ៍បឹងសាឡាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទលួចមានស្ថានទម្ងន់ទោស (វាយប្លន់យកលុយនិងទូរស័ព្ទ) ប្រព្រឹត្តនៅចំណុចជិតបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ក្រុមទី៥២ ភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៦និង០០នាទី។
ជនសង្ស័យឈ្មោះ ចាន់ សុផានិត ហៅ ខ្និត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន)។
ជនរងគ្រោះ ឈ្មោះ ហួន ចែម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡានក្រុមហ៊ុនរិទ្ធមុន្នី ស្នាក់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងជ្រៃស្រុកបរសែត ខេត្តកំពង់ស្ពឺ ។
សម្ភារបាត់បង់រួមមាន៖ លុយខ្មែរ៣០០០០០៛ (សាមសិមម៉ឺនរៀល)- ទូរស័ព្ទចំនួន០១គ្រឿងម៉ាក LG ពណ៌ស គ្មានស៊ីម (ទើបទិញ)។
មុនពេលកើតហេតុថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៦និង០០នាទី ជនរងគ្រោះមកពីទិញទូរស័ព្ទនៅផ្សារដើមគររួចបានជិះម៉ូតូឌុបមកឈប់ឈរចាំជិះឡានបងនៅម្តុំជិត បង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង (កន្លែងកើតហេតុខាងលើ) នៅក្នុងពេកកំពុងឈររង់ចាំជិះឡានបងនោះ ក៏ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ បានស្ទុះចេញពីក្រោមស្ពានអាកាសស្ទឹងមានជ័យ មកធ្វើដកម្មភាពចាប់ក្រៀកវាយប្លន់លូកយកទូរស័ព្ទនិងលុយមានសំរេច ហើយនាំគ្នារត់គេចខ្លួនបាត់អស់ទៅ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានមករាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាង សហការជាមួយជនរងគ្រោះចុះដល់កន្លែងកើតហេតុស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះខាងលើ នាំយកមកប៉ុស្តិ៍ធ្វើការសាកសួរឆ្លើយសារភាពថា រូបខ្លួននិងបក្ខពួក២នាក់ទៀត (គេចខ្លួនបាត់) ពិតជាបានប្រព្រឹត្តវាយប្លន់យកទូរស័ព្ទនិងលុយរបស់ជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យឈ្មោះចាន់ សុផានិត ហៅខ្និត កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់