ព័ត៌មានជាតិ

ឈ្វេង​យល់​ពី​បញ្ហា​អង្គែ

មិនថា បុរស នារីនោះទេ តែងតែព្រួយបារម្ភពីសក់ក្បាល កើតមាននូវបញ្ហាអង្គែ។ អ្វីទៅជាអង្គែ? អង្គែគឺជាជំងឺមួយស្បែកក្បាលមួយប្រភេទ ដែលកើតមានឡើងដោយសារតែភាពខុសប្រក្រតីរបស់កោសិកា ហើយវាតែងតែកើតមានលើមនុស្ស ទាំងឡាយ ដែលមិនសូវយកចិត្តទុកដាក់លើបញ្ហាក្បាលជាពិសេសការសម្អាត និងការកក់សក់តែម្ដង។

អ្វីដែលនាំឲ្យកើតមានអង្គែ?

កោសិកាចាស់ៗដែលបន្សល់ទុក ដោយការមិនយកចិត្តទុកដាក់ នៅលើស្បែកក្បាលដូចជាមិនកក់សក់ សម្អាតក្បាល ហើយគួបផ្សំ និងបញ្ហាធូលីដី ទាំងអស់នេះ នាំឲ្យកើតមានអង្គែ។

អង្គែ បានចាប់ផ្តើមវិវឌ្ឍន៍ខ្លួនបន្តិចម្ដងៗ រួចរីកមាឌ សាយភាយគ្រប់ទីកន្លែងលើក្បាល បន្ទាប់មកក្លាយជាដុំតូចៗ ល្អិតៗពណ៌ស ជាប់នៅលើសាច់ក្បាល និងសរសៃសក់។ អង្គែកើតច្រើន ឬក៏តិចអាស្រ័យទៅតាមកោសិការបស់ស្បែកក្បាលរបស់មនុស្សម្នាក់ៗ។

អង្គែស្ងួតជាអង្គែដែលមានដុំតូចៗ ឧស្សាហ៍ជ្រុះនៅម្ដុំសៀតផ្កា ថ្ងាស និងកញ្ចឹងក ហើយវាមានលក្ខណៈ ងាយស្រួលក្នុងការព្យាបាល រីឯអង្គែខ្លាញ់ គឺជាអង្គែដែលមានដុំធំៗជាផ្ទាំងមានលក្ខណៈ សើម បង្កការរមាស់ជាខ្លាំង ប្រសិនបើយើងអេះខ្លាំងពេក នោះវានឹងអាចបង្កបញ្ហាដល់ស្បែកក្បាលរហូតដល់រងរបួសដល់ស្បែកទៀតក៏មាន ហើយអង្គែប្រភេទនេះ ច្រើនកើតមានចំពោះបុរសច្រើនជាងស្រ្ដី។

មូលហេតុដែលបណ្ដាលឲ្យកើតអង្គែ

  • បញ្ហាអ័រម៉ូននៅលើរាងកាយដំណើរការមិនល្អ
  • មានបញ្ហាផ្លូវចិត្ត មានទុក្ខកង្វល់ច្រើន
  • របបអាហារខុសប្រក្រតី
  • រងប្រតិកម្មដោយសារ សាប៊ូកក់សក់ និងថ្នាំលាបសក់ ជាដើម
  • ការថែទាំសក់មិនត្រឹមត្រូវតាមបច្ចេកទេស
  • ជូនកាលអាចបណ្ដាលមកពី ជំងឺប្រចាំកាយរបស់មនុស្ស

វិធីការពារកុំឲ្យកើតមានអង្គែ

  • ឧស្សាហ៍កក់សក់ជាមួយនឹងទឹកក្ដៅឧណ្ហៗ ជាពិសេសសម្រាប់អ្នកដែលកើតអង្គែប្រភេទខ្លាញ់
  • គួរប្រើក្រែមបំប៉នសរសៃសក់ និងក្រែមធ្វើសក់មានទម្ងន់ ចៀសវាងសក់ខូច ដែលជាមូលហេតុបណ្ដាលឲ្យកើតអង្គែ
  • ជ្រើសរើសប្រភេទសាប៊ូ ដែលស្របតាមសក់ ហើយសំខាន់ត្រូវតែលាងជំរះសាប៊ូឲ្យបានស្អាតទើបល្អ
  • ក្រោយពីងូតទឹកគួរប្រើកន្សែង ក្រមា ស្ងួតជូតក្បាល និងសក់ឲ្យបានស្ងួតល្អចៀសវាងការប្រើប្រាស់របសសើម
  • ឧស្សាហ៍ឈ្លីស្បែកក្បាលឲ្យបានញឹកញាប់ នៅពេលងូតទឹកម្ដងៗ៕

 

 

 

មតិយោបល់