ព័ត៌មានជាតិ

ភ្នាក់ងារ ANN ប្រចាំខេត្តមណ្ឌលគិរី កំពុងទទួលការគំរាមកំហែងពីមន្រ្តីនគរបាលស្រុកកែវសីមា

ភ្នំពេញៈ ភ្នាក់ងារព័ត៌មានកម្មវិធី ANN នៃទូរទស្សន៍អប្សរា ប្រចាំនៅខេត្តមណ្ឌលគិរី កំពុងទទួលការគំរាមកំហែង ពីសំណាក់មន្រ្តីនគរបាលស្រុកកែវសីមា បន្ទាប់ពីសមត្ថកិច្ចចូលចាប់ឈើប្រណីតខុសច្បាប់ក្នុងគេហដ្ឋានរបស់មន្រ្តីនគរបាលរូបនោះ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរលំនៅឋានមួយកន្លែង មានម្ចាស់ឈ្មោះ សួស វ៉ូរ៉ា ហៅយ៉ាំង ជាមន្ទ្រីប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងជាមេឈ្មួញឈើដុះស្លែ មួយរូបផងដែរ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រ១៣៥ ភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

សូមបញ្ជាក់ផងដែរថា មុនការឆែកឆេរភ្នាក់ងារមួយរូបឈ្មោះលោក ឌឹម សឿន កម្មវិធី ANN នៃទូរទស្សន៍អប្សរា ត្រូវបក្ខពួកឈ្មួញឈើមានគ្នា៧នាក់ក្របួចកអាវ ពេលដែលកំពុងថតរូបពួកឈ្មួញវៀតណាមកំពុងថ្លឹងឈើប្រណីតក្នុងលំនៅឋានខាងលើ ហើយបានដកយកទូរស័ព្ទលុបរូបភាពចោលគ្មានសល់។

ក្រោយមកលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងមេព្រៃ និងមន្រ្តីប៉េអិមចុះអន្តរាគមន៍ និងបានឆែកឆេរលំនៅឋានមន្រ្តីនគរបាលខាងលើ ដោយរកឃើញឈើប្រណីត នៅផ្ទះលោក សួស វ៉ូរ៉ា ហៅយ៉ាំង មានចំនួន១១០កំណាត់ប្រភេទឈើប្រណីត ហើយយកវត្ថុតាងមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា។

ចំណែកម្ចាស់ឈើជាមន្ត្រីនគរបាលនោះ មិនត្រូវបានកម្លាំងចម្រុះធ្វើការឃាត់ខ្លួននោះទេ ផ្ទុយទៅវិញ មន្ត្រីនគរបាលខាងលើ នៅតែបន្តមានសេរីភាព ទោះបីជាលំនៅឋានរបស់មន្រ្តីនគរបាលរូបនោះ ត្រូវបានឆែកឆេរចំនួន២ដងក៏ដោយ ហើយថែមទាំងគំរាមកំហែង ដល់សុវត្ថិភាពលោក ឌឹម សឿន ថែមទៀតផង។

ជាមួយនឹងក្តីបារម្ភពីសុវត្ថិភាពនេះ លោក ឌឹម សឿន ក៏បានដាក់ពាក្យបណ្តឹងចូលអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ប្តឹងមន្រ្តីនគរបាលស្រុកកែវសីមាឈ្មោះ សួស វ៉ូរ៉ា ហៅយ៉ាំង និងបក្ខពួកពីបទគំរាមកំហែង។

ជាមួយគ្នានដែរ លោក ដឹម សឿន ក៏បានអំពាវនាវសុំឲ្យសមត្ថកិច្ច ជាពិសេសលោកស្នងការខេត្តមណ្ឌលគិរី ជួយការពារសុវត្ថិភាពដល់រូបលោកផង៕

មតិយោបល់