ព័ត៌មានជាតិ

ឡុងហ្គ្រីស័រស៊េរី​ទំនើប​ ស្លាកលេខ​ភ្នំពេញ ​2BB-8286 ​បើក​លឿន​ដូចហោះ បុក​របាំង​ថ្ម ​ដែល​គេ​ដាក់​បាំង​ផ្លូវ​​ទើបជួសជុល រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ បើកបោះ​ពួយយ៉ាង​លឿន​ ខណ:ឃើញផ្លូវស្ងាត់​ ​មិន​ប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​របាំង​ថ្ម​ ដែល​គេ​ដាក់​បាំងផ្លូវ​ដែលទើបនិងធ្វើការជួសជុល​ បណ្តាលឲ្យ​រថយន្ត​ខូចខាត​យ៉ាង​ដំណំ​ កាលពីវេលាម៉ោង​១២និង៣០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៧ ត្រង់ចំណុច​ខាងលិច​ផ្សារ​ទំនើប​អ៊ីអន​ទី២​ តាមបណ្ដោយ​ផ្លូវ​៩២​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿងម៉ាក​ ឡុងហ្គ្រីស័រ​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2BB-8286 បើកបរ​ជា​លក្ខណ:​គ្រួសារ​មានគ្នា បួន​ទៅ​ប្រាំ​នាក់​ តាមបណ្ដោយ​ផ្លូវ​៩២​ ទិសដៅ​ពី​លិចទៅកើត​ ក្នុងល្បឿនយ៉ាងលឿនដូចហោះ​។ លុះ​មកដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចំនួន២ផ្ទាំង​ ដែលគេដាក់​បាំង​ផ្លូវ​មួយចំហៀង​ដែលទើបនិងជួលជុល​ ប៉ុន្តែ​មិនបាន​ដាក់​ភ្លើង​ ឬ​ចំណាង​ផ្លាត​ សម្គាល់​ឲ្យបានត្រឹម​ត្រូវ​នោះទេ ​បណ្តាលឲ្យ​របាំងថ្មចំនួន២ផ្ទាំង​ រងការខូចខាត​បាក់បែក​ខ្ទៀត​រាយប៉ាយ​ពេញផ្លូវ​ ចំណែកឯ​រថយន្ត​បង្ក ​រងការខូចខាត​ក្រពឹតផ្នែកខាងមុខ​យ៉ាង​ដំណំ​ ទៅ​មុខ​លែង​រួច​។

ភ្លាម​ៗនោះ​ម្ចាស់​រថយន្ត​បានហៅ​រថយន្ត​ស្ទូច​ ប្រុងធ្វើការ​ស្ទូច​រថយន្ត​បង្ក​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ ប៉ុន្តែ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន ​ចុះ​មក​ធ្វើ​ការ​អន្តរាគមន៍​ទាន់ពេល​វេលា​ ហើយ​ម្ចាស់​រថយន្ត ​ក៏នាំគ្នា​គេចខ្លួន​ចេញពី​កន្លែង​កើត​ហេតុ​ បាត់សម្រោល​អស់​ បន្សល់​ទុក​តែ​រថយន្ត​បង្ក​រងការខូចខាត​ នៅ​និង​កន្លែង​កើត​ហេតុ​។

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​ជំនាញ​ ក៏​បាន​ចុះ​មក​ធ្វើការ​វាស់​វែង ​និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​ នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕​

មតិយោបល់