ព័ត៌មានជាតិ

កងរាជអាវុធហត្ថ​ខណ្ឌ​សែនសុខ បង្ក្រាបសំបុកជនសង្ស័យ​ជួញដូរ​គ្រឿង​ញៀន​ ​ឃាត់​ខ្លួន​ជន​សង្ស័យ​៤នាក់​

ភ្នំពេញ:​ ជនសង្ស័យ​ជួញដូរ​ និង​ប្រើ​ប្រាស់​ថ្នាំញៀន​ចំនួន​៤នាក់ ត្រូវ​កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌសែនសុខ​ ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ទាំង​សំបុក​ កាលពីវេលាម៉ោង​៧យប់​ ថ្ងៃទី​២៥​ ខែមករា​ ​ឆ្នាំ​២០១៩​ត្រង់ចំណុច​ បន្ទប់​ជួល​អត់​លេខ​ផ្លូវលំ​ ភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ បន្ទប់​ពី​កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែនសុខ​ បាន​ធ្វើ​ការស្រាវជ្រាវ ​និង​ស៊ើប​អង្កេត​ ក្រោម​ការ​ចង្អុលបង្ហាញពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថខណ្ឌ​ រួមទាំង​បានការ​អនុញ្ញាតពី​ព្រះរាជអាជ្ញា​អមសាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ កែវ​ សុធា។ កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែនសុខ​ ក៏​បាន​ធ្វើការ​ចុះ​បង្ក្រាប ​និងឆែកឆេរ​ជាក់ស្ដែង​ត្រង់ចំណុច​ខាងលើ​តែម្ដង​។

ជា​លទ្ធផល​ក្រោយនៃប្រតិបត្តិការណ៍​នេះ កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែនសុខ ​បានឃាត់​ជនសង្ស័យ​ចំនួន​៤នាក់​ ដកហូត​ថ្នាំ​ញៀន​ប្រភេទម៉្សៅ​ក្រាម​ស​ថ្លា​ចំនួន​២កញ្ចប់​តូច​ និង​១កញ្ចក់​ធំល្មម​ និងឧបករណ៍​សម្រាប់​ជក់​ លក់​មួយចំនួន​ទៀត​ រួមទាំង​មួយគ្រឿង​ម៉ាក​ ស៊ុយស័រគីនិច​ ពណ៌​ស​ ពាក់ស្លាកលេខ​ កណ្ដាល​ 1Q-7468។

​ជនសង្ស័យ​ទី​០១ឈ្មោះ​ មិន​ សីហា​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​។ ទី​០២​មាន​ឈ្មោះ​ មិន​ ស៊ីការ៉ូ​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​​។​ ទី​០៣​ មាន​ឈ្មោះ​ ហុង​ វ៉េង​ឈាង​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​។ ទី​០៤​មានឈ្មោះ​ ណុយ​ ម៉ាត់​នី​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ជនសង្ស័យ​ទាំង​៤នាក់នេះស្នាក់នៅ​ចំណុច​ខាងលើ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤នាក់​រួម​និង​វត្ថុ​តាំង​ត្រូវ​កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែនសុខ​កសាងសំណុំ​រឿង​ បញ្ជូន​​ទៅឃុំខ្លួននៅ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​បញ្ជូន​បន្ត​ទៅ​តុលាការ​ ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជាបន្ត​ទៀត​៕​

មតិយោបល់