ភ្នំពេញៈ ពិតជារន្ធត់ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានបានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម ក្នុងបន្ទប់ផ្ទះសំណាក់យីហោ«ចន្ធូត្រជាក់ចិត្ត» ក្នុងបន្ទប់លេខ៣ បន្ទាប់ពីជនសង្ស័យម្នាក់ធ្វើសកម្មភាពចាក់៩កាំបិត ប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនរួចគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុងយីហោផ្ទះសំណាក់«ចន្ធូត្រជាក់ចិត្ត» ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
បើតាមសម្ដីប្អូនថ្លៃប្រុស របស់ជនរងគ្រោះបានឲ្យដឹងថា (សព) មានឈ្មោះ យ៉ាន់ ជឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិព្រៃសំបូរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ និងជាម្ចាស់ម៉ូតូបាត់បង់ម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-9986 ព្រមទាំងចញ្ចៀនមួយវង់ និងលុយក្នុងកាបូបមួយចំនួនទៀត ។
ប្អូនប្រុសជនរងគ្រោះបានឲ្យដឹងទៀតថា ជនរងគ្រោះគឺជាអ្នករត់ម៉ូតូឌុបនៅខេត្តតាកែវ ដោយយូរៗឡើងមកភ្នំពេញយកអីវ៉ាន់ដាក់ឲ្យម៉ូយ(ភ្ញៀវម្ដង)។ លុះនៅថ្ងៃកើតហេតុ ទាំងបងប្អូន និងប្រពន្ធកូន មិនឃើញជនរងគ្រោះចូលផ្ទះដូចសព្វដង ។ ក្រោយមកក៏មានសមត្ថកិច្ចខលមកប្រាប់ថា ជនរងគ្រោះខាងលើត្រូវបានគេចាក់សម្លាប់នៅក្នុងផ្ទះសំណាក់រួចទៅហើយ ។ ចំណែកឃាតក ដែលមិនស្គាល់មុខដែលបានចាក់សម្លាប់ជនរងគ្រោះ បានជិះម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងយកចញ្ចៀន និងលុយមួយចំនួនក្នុងកាបូបលុយ ចេញពីផ្ទះសំណាក់គេចខ្លួនបាត់ស្រមោលបន្សល់ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម។
បើតាមប្រភពពីម្ចាស់ផ្ទះសំណាក់ «ចន្ធូ ត្រជាក់ចិត្ត»ខាងលើ បានប្រាប់ថា ជនរងគ្រោះ និងឃាតក (ប្រហែលជាស្គាល់គ្នា ) បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកសម្រាកក្នុងផ្ទះសំណាក់ នៅវេលាម៉ោង៥ល្ងាចនៅថ្ងៃកើតហេតុ ក្រោយមករំលងបានប្រហែល២ម៉ោង ម្ចាស់ផ្ទះសំណាក់ខាងលើនេះបានដើរមើលឃើញបន្ទប់កើតហេតុមានការចាក់សោ ដោយមិនដឹងថាភ្ញៀវចេញពីពេលណា ទើបសម្រេចយកសោចាក់ទ្វារមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើឥដ្ឋការ៉ូ មានសុទ្ធតែឈាម ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខាងកោសល្យវិច័យបានចុះមកពិនិត្យដោយឃើញថា ជនរងគ្រោះត្រូវបានគេចាក់សម្លាប់ ពិតប្រាកដមែន ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមពៃណី ។ ចំណែកជនដៃដល់សមត្ថកិច្ចជំនាញនិងបន្តធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់