ព័ត៌មានជាតិ

លោកប៉ា សុជាតិវង្ស ស្នើឲ្យអភិបាលខណ្ឌ មើលទីតាំងដែលអាចធ្វើសួន បាន កុំនឹកឃើញតែរឿងធ្វើការ៉ាស់សាំង

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានស្នើឲ្យអភិបាលខណ្ឌទាំងអស់របស់រាជធានីភ្នំពេញ ត្រូវពិនិត្យមើលទីតាំងដែលអាចធ្វើសួនច្បារបាននៅក្នុងអាណាចក្ររបស់ខ្លួនគ្រប់គ្រង កុំឲ្យឃើញដីសាធារណៈរបស់រដ្ឋនៅទំនេរ នឹកឃើញតែរឿងធ្វើការ៉ាស់សាំងឲ្យសោះ។

លោកបន្តថា នៅប្រទេសគេថ្នាក់ដឹកនាំរបស់គេមានរហូតដល់វាយសំណង់ចោល ហើយជួលដីទាំងនោះ ដើម្បីធ្វើសួនច្បារសាធារណៈថែមទៀត ដោយហេតុថា សួនច្បារសាធារណៈនេះវាមិនត្រឹមតែបម្រើដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ តែវាបានផ្តល់ជាកន្លែងហាត់ប្រាណ កន្លែងក្មេងរត់លេង និងធ្វើឲ្យបរិយាកាសនៅទីក្រុងកាន់តែប្រសើរថែមទៀត។ ជាងនេះទៅទៀតការបង្កើតសួនច្បារសាធារណៈនេះ វាក៏បានធ្វើឲ្យប្រជាពលរដ្ឋរីករាយក្នុងចិត្តខ្លាំងក្លាណាស់ផងដែរ។

លោក ប៉ា សុជាតិវង្ស បានមានប្រាសសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យកែលម្អសួនច្បារមុខវត្តបទុមសួនច្បារចេនឡា សួនច្បារកុមារពោធិចិនតុង សួនច្បារវត្តភ្នំ និងសួនច្បារក្រមង៉ុយ កាលពីព្រឹកថ្ងៃទី០៧ កក្កដា នៅសាលារាជធានីភ្នំពេញ។

លោកបន្តថា សួនច្បារមុខវត្តបទុម ជាគម្រោងនៅមុន បុណ្យអ៊ុំទូកចុងឆ្នាំនេះ ប៉ុន្តែសម្រាប់បង្គន់អនាម័យត្រូវតែស្ថាបនាឲ្យបានរួចរាល់នៅមុននៃពីបុណ្យភ្ជុំបិណ្ឌនេះ។ ការជួសជុលកែលម្អសួនច្បារទាំងអស់នេះ គឺគ្មានអ្វីប្លែកក្រៅពីបំពេញតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនោះទេ។ កម្រាលសម្រាប់ថ្មើរជើងនៅក្នុងបរិវេណសួនច្បារត្រូវបានប្តូរឥតការ៉ូ មកជាថ្មក្រានិតវិញ ដែលមានសោភណ្ឌភាពល្អ និងធានា ការប្រើប្រាស់បានយូរ រួមទាំងការរៀបខឿនចិញ្ចើមសួនផងដែរ។ ក្នុងនេះដែរ ក៏មានរៀបចំ បង្កើតជាសួនកុមារ មានទីលានសម្រាប់ការប្រគុំតន្ត្រី ឬការជួបជុំផ្សេងៗសម្រាប់បុណ្យជាតិ អន្តរជាតិ និងកន្លែងហាត់ប្រាណជាដើម។

សាលារាជធានីភ្នំពេញបាននឹងកំពុងធ្វើការកែលម្អសួនច្បារចំនួន៦៨កន្លែង ស្មើនឹង៦៩ហិកតា ដោយចាប់ផ្តើមពីភូមិសាស្រ្តខណ្ឌដូនពេញមុនគេ។

គួរបញ្ជាក់ផងដែរថា មានសួនច្បារ និងរមណីយដ្ឋានមួយចំនួនត្រូវបានសាលារាជធានីភ្នំពេញជួសជុលកែលម្អដោយប្តូរមករៀបចំក្រាលថ្មក្រានិតរួចមកហើយដូចជាសួនវិមានឯករាជ្យ រមណីយដ្ឋានវត្តភ្នំ និងសួនមុខវត្តបុទុមវត្តីនេះជាដើម ហើយក៏នៅមានសួនច្បារមួយចំនួនទៀត នឹងត្រូវធ្វើការកែលម្អឲ្យកាន់តែមានសម្រស់ស្រស់បំព្រងថែមទៀត ដូចជាសួនច្បារចេនឡា សួនច្បារកុមារពោធិចិនតុង សួនច្បារវត្តភ្នំ និងសួនច្បារក្រមង៉ុយជាដើម។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បារមុខវត្តបទុម មកដល់ពេលនេះការដ្ឋានបានសម្រេច៦០%ហើយ ក្នុងនោះបានរៀបចំកម្រាលថ្មក្រានីតបានសម្រេចបាន៧០% ចាក់ក្រាលផ្លូវបេតុងបានសម្រេចបាន៧០% សាងសង់របងបានសម្រេចបាន៦០% ជួសជុលស្ពតបានសម្រេចបាន៦០% និងសាងសង់បន្ទប់អនាម័យបានសម្រេចបាន២០%។ ដោយឡែងសម្រាប់ សួនច្បារចេនឡាក៏នឹងធ្វើការសាងសង់ឡើងបន្តបន្ទាប់គ្នានេះផងដែរ៕

មតិយោបល់