ភ្នំពេញៈ បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេប្រទេះឃើញដេកស្លាប់ថ្កាប់មុខនៅក្នុងផ្ទះជួល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ១៦៩អឺ១ ផ្លូវលេខ១៥៤ ភូមិ៨សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដេកស្លាប់នោះ ឈ្មោះ Sylvester John Charles ភេទប្រុស កើតថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៥៥ ជនជាតិអង់គ្លេស មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ៧០៧១៤៥១៩១ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ប្រភពព័ត៌មានពីឈ្មោះ ផុន ស៊ីនាថ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានឲ្យដឹងថា នៅថ្ងៃទី៥ កក្កដា នៅវេលាម៉ោង៣រសៀល ប្តីរបស់គាត់ឈ្មោះ Wilson Barry John អាយុ៥៥ឆ្នាំ ជាជនជាតិអង់គ្លេស មុខរបរប្រធានក្រុមហ៊ុន ដែលត្រូវជាមិត្ដភ័ក្តសព បានទៅបន្ទប់ជនរងគ្រោះដោយគោះទ្វារតែមិនឮសម្លេងឆ្លើយតប ហើយក៏បានចុះមកក្រុមហ៊ុនរបស់ខ្លួនវិញ។ លុះដល់ម៉ោង៣និង៣០នាទីថ្ងៃកើតហេតុខាងលើ ប្តីរបស់គាត់បានទូរស័ព្ទទៅជនរងគ្រោះជាសព ជាច្រើនដងតែមិងលើក ដោយមានការសង្ស័យក៏មកបន្ទប់ជនរងគ្រោះម្តងទៀត និងគាស់សោទ្វារចូលមើល ស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខទៅនិងឥដ្ឋការូស្លាប់បាត់ទៅហើយ។
បន្ទាប់មកសមត្ថកិច្ចបានទទួលដំណឹងថា មានករណីមនុស្សស្លាប់ក៏បង្កើតគណៈកម្មាចំរុះត្រួតពិនិត្យសពដោយលោកឧកញ៉ាវេជ្ជបណ្ដិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះ ពិតជាស្លាប់ ដោយសារតែគាំងបេះដូងប្រាកដមែន ព្រោះជនរងគ្រោះមានជម្ងឺបេះដូងប្រចាំកាយ។
បច្ចុប្បន្ន សពត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
មតិយោបល់