បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៨ និង ១៥នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចមណ្ឌលបី ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ការឃាត់ខ្លួននេះ បានធ្វើទ្បើងដោយយោងតាមពាក្យបណ្តឹង របស់ជនររងគ្រោះ ឈ្មោះ អាត់ សុជាតិ ភេទ ស្រី អាយុ ២០ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉េត សារុំ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុ និងដកហូតវត្ថុតាងរួ៖ ម៉ូតូម៉ាក Scoopy Mini ចំនួន ០១គ្រឿង។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យជាអ្នកជិតខាងនិងគ្នា ហើយបានខ្ចីម៉ូតូរបស់ខ្លួនជិះទៅទិញឥវ៉ាន់នៅខាងក្រៅ តែមិនឃើញយកម៉ូតូមកឲ្យខ្លួនវិញទេ លុះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ទើបខ្លួនសម្រេចចិត្តមកប្តឹងសមត្ថកិច្ចតែម្តង។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ រូបគេពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន គឺខ្លួនខ្ចីម៉ូតូជិះទៅលេងល្បែង (ហ្គេមបាញ់ត្រី) ពេលលេងល្បែងចាញ់ ក៏សម្រេចចិត្តដាក់បញ្ចាំម៉ូតូរបស់ជនរងគ្រោះ ដើម្បីយកប្រាក់មកលេងល្បែងបន្ត ដោយសង្ឃឹមថា អាចស្រង់ដើមមកវិញ ប៉ុន្តែត្រូវចាញ់ប្រាក់អស់ពីខ្លួន រួមទាំងប្រាក់បញ្ចាំម៉ូតូផងដែរ។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី។ ចំណែកម៉ូតូ ដែលជនសង្ស័យបានដាក់បញ្ចាំ កម្លាំងជំនាញកងរាជអាវុធហត្ថ បានដកហូត និងបានប្រគល់ជូនទៅម្ចាស់ដើមវិញ៕
មតិយោបល់