ភ្នំពេញៈ ដើម្បីលុបបំបាត់ បទល្មើសគ្រឿងញៀនតែងតែកើតមានក្នុងមូលដ្ឋានបង្កទៅជាបទល្មើស លួច ឆក់ ប្លន់ ទើបនៅវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលលេខ២៤ ជាន់ទី១ ផ្លូវលំ ក្រុម១៧ មុខរោងចក្របឺរី ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមមន្រ្តីនគរបាលបានឲ្យដឹងថា បន្ទាប់ពី មានការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ របស់អធិការដ្ឋានខណ្ឌ និងក្រោមបញ្ជារបស់លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យដើម្បីទប់ស្កាត់បង្ក្រាបឲ្យទាន់ពេលវេលា រាល់បទល្មើសកើតមានឡើងនៅតាមមូលដ្ឋាន និងដើម្បីរក្សាបាននូវសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក វិរសេនីយ៍ត្រី ម៉ម វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបបានជនសង្ស័យ២នាក់ នៅទីតាំងខាងលើ ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក សរុបចំនួន ១៣កញ្ចប់ (១២កញ្ចប់តូច ១កញ្ចប់ធំ) ម៉ូតូសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FB-4395 និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
ប្រភពឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបាន ទី១ ឈ្មោះ មាស ប្រុស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទី២ ឈ្មោះ ចក់ ចេន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មេការសំណង់ ជាម្ចាស់បន្ទប់ ស្នាក់នៅ បន្ទប់ជួលខាងលើ មានទីលំនៅ ភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
ក្រោយការបង្ក្រាប ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងត្រូវបាននាំទៅកាន់ប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ ខណ្ឌចាត់ការទៅតាមនីតិវិធី៕
មតិយោបល់