ព័ត៌មានជាតិ

ជិះរ៉ឺម៉កចេញប្លន់អ្នកភូមិ ជួបប៉ូលិសដាក់មេប៉្រួច បន្សល់ទុកកាំភ្លើងAK ២ដើម

ត្បូងឃ្មុំៈ ជនសង្ស័យថ្លើមធំ៣នាក់ បានជិះរ៉ឺម៉ក់ម៉ូតូចេញដំណើរទៅក្នុងភូមិប៉ុនប៉ងធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋ តែមិនទាន់បានសម្រេចផង ក៏បានជួបនិងកម្លាំងនគរបាលកំពុងល្បាត និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ធ្វើឲ្យពួកគេភ័យស្លន់ស្លោ ហើយបានស្ទុះរត់គេចខ្លួនយកប្រាស់អាយុបាត់ស្រមោល ដោយបានបន្សល់ទុកអាវុធ AK ២ដើម និងវត្ថុតាងមួយចំនួននៅលើរ៉ឺម៉កម៉ូតូ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលស្រុកអូរាំងឪ បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំគងជ័យ ដូចសព្វមួយដង។

លោកឧត្តមសេនីយ៍បន្ដថា ពេលដែលកម្លាំងកំពុងត្រួតពិនិត្យ ស្រាប់តែប្រទះឃើញ រ៉ឺម៉កម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ ខណៈនោះសមត្ថកិច្ចមានការសង្ស័យក៏បានហៅត្រួតពិនិត្យ ស្រាប់តែជនសង្ស័យ៣នាក់នោះរត់គេចខ្លូនចោលម៉ូតូបាត់ស្រមោលតែម្តង។

ក្រោយមកសមត្ថកិច្ចបានឆែកឆេរនៅលើរ៉ឺម៉កបានរកឃើញ អាវុធAK៤៧ ចំនួន២ដើម បង់២ គ្រាប់៣២គ្រាប់ កន្ដ្រៃកាត់ដែក១ ដែលជនសង្ស័យបានច្រកក្នុងការ៉ុង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ លើករណីមួយនេះបន្តទៀត ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យទាំង៣នាក់នោះ៕

មតិយោបល់