កំពង់ធំៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហមន្តរាយ បានបើកលំហាត់សមយុទ្ធលើតុ ក្នុងការឆ្លើយតបសង្រ្គោះក្នុងពេលកើតមានគ្រោះមហន្តរាយសម្រាប់រយៈពេល២ថ្ងៃ (ថ្ងៃទី៧-៨ខែកក្កដា ឆ្នាំ២០១៦) នៅខេត្តកំពង់ធំ ដោយមានការចូលរួមពីសំនាក់លោក ញឹក ប៊ុនរិទ្ធ អគ្គលេខាធិការរង តំណាងលោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហមន្តរាយ។
នៅក្នុងពិធីនោះ លោក ញឹក ប៊ុនរិទ្ធ បានលើកឡើងថា ពិធីនេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការចម្រុះគ្នា រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហមន្តរាយ និងអង្គការ WFP ជាសហប្រធានវេទិកាឆ្លើយតបផ្នែកមនុស្ស និងទទួលបានគាំទ្រពីមូលនិធិ USAID និងអង្គការដៃគូចូលរួម ដូចជា HRF, CHF ឲ្យដំណើររហូតមកដល់ពេលនេះ។
លោកបញ្ជាក់ថា លំហាត់សមយុទ្ធនេះធ្វើឡើងដោយផ្អែកលើបទពិសោធន៍ជាវិជ្ជមាន ពី ឃេមរិក (Cam REX I ) ដែលបានសម្របសម្រួលនិងរៀបចំរួមគ្នារវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហមន្តរាយ (NCDM) វេទិការឆ្លើយតបមនុស្សធម៌ (HRF) និង វេទិកាមនុស្សធម៌កម្ពុជា (CHF) ។ ទិសដៅមួយរបស់ ឃេមរិក (CamREx )គឺ អ្នកចូលរួមបានរៀនពីអ្វីដែលពួកគេត្រូវបានរំពឹង (អ្វីដែលពួកគេត្រូវធ្វើ) និងអ្វីដែលពួកគេត្រូវផ្តល់ ដូចជារបាយការណ៍ ការឆ្លើយតបរយៈខ្លីនិងវែង ការប្រាស្រ័យទាក់ទង និងការសម្របសម្រួលសកម្មភាពការងារនៅកើតពេលមានគ្រោះមហន្តរាយ។
លោក ញឹក ប៊ុនរិទ្ធ បញ្ជាក់បន្ថែមថា អ្នកចូលរួមកម្មវិធីនេះនឹងអនុវត្តដំណាក់កាលនៃការកសាងផែនការដំណាក់កាលនៃការត្រៀមបម្រុង និងដំណាក់កាលនៃការឆ្លើយតប និងកំណត់រកភាពខ្វះចន្លោះ ដែលអាចកើតមានភាពត្រួតស៊ីគ្នា ដើម្បីគាំទ្រដល់ការពង្រឹងសមត្ថភាពមុនពេលកើតមា គ្រោះមហន្តរាយ។
លោក ញឹក ប៊ុនរិទ្ធ អះអាងថា ការរៀបចំលំហាត់សមយុទ្ធ ឃេមរិក CamRex II នៅថ្នាក់ខេត្ត នឹងបង្កើនការយល់ដឹងអំពីរចនាសម្ព័ន្ធនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ និងយល់ដឹងពីយន្តការនៃកិច្ចប្រតិបត្តិទាំងអស់នោះ។ លំហាត់សមយុទ្ធនេះត្រូវបានរំពឹងទុកផងដែរថានឹងពង្រឹងការសម្របសម្រួល និងទំនាក់ទំនងរវាងគណៈកម្មការគ្រប់គ្រងគ្រោះហមន្តរាយគ្រប់កម្រិត។ ផ្តល់ការយល់ដឹងដល់អ្នកចូលរួមពីតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងគ្រោះហមន្តរាយនីមួយៗ ។ រកឃើញនូវសកម្មភាពបន្ទាន់ និងសកម្មភាពរយៈពេលវែងដែលត្រូវអនុវត្ត ។ កំណត់យន្តការ និងធនធាន (មនុស្ស ហិរញ្ញវត្ថុ ភស្តុភា សម្ភារៈសង្រ្គោះការប្រាស្រ័យទាក់ទងនិងព័ត៌មាន និងការតស៊ូមតិ។ល។) ដែលមានស្រាប់នៅក្នុងប្រទេស និងនៅថ្នាក់តំបន់ និងថ្នាក់ពិភពលោក ដើម្បីជួយគាំទ្រដល់ការឆ្លើយតបដល់គ្រោះមហន្តរាយដែលមានទំហំធំធេង។ កំណត់ពីមេរៀនដែលបានរៀន(បទពិសោធន៍) និងជំហានបន្ទាប់ដើម្បីបង្កើនការត្រៀមបម្រុងនិងពិនិត្យកែសម្រួលឡើងវិញ ផែនការត្រៀមបម្រុង និងឆ្លើយតបសង្គ្រោះបន្ទាន់ប្រសិនបើចាំបាច់។
យ៉ាងណាលោកបានអំពាវនាវឲ្យមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល សូមផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រគ្រប់បែបយ៉ាងដល់ PCDM ក្នុងដំណើរការត្រៀមរៀបចំ លំហាត់សមយុទ្ធលើតុ ក្នុងការឆ្លើយតបសង្រ្គោះក្នុងពេលកើតមានគ្រោះមហន្តរាយឲ្យទទួលបាននូវប្រសិទ្ធិភាពខ្ពស់ ចំណែកដៃគូបន្តយកចិត្តទុកដាក់លើការលើកកម្ពស់មន្រ្តីជំនាញលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក ឃុំ និងភូមិឲ្យបានកាន់តែមានប្រសិទ្ធភាព៕
មតិយោបល់