ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូ ZOOMER-X មួយគ្រឿងបោះពួយយ៉ាងលឿនក៏ជ្រុលទៅបុកនិងខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅកន្លែងនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ត្រង់ចំណុចខាងត្បូងក្លោងទ្វារវត្តសំរោងអណ្ដែត តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមិនបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែល២០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌បៃតងលាយស ពាក់ស្លាកលេខ កំពង់ចាម 1R-0481។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ ប្រទះឃើញបុរសរងគ្រោះខាងលើ បានដេកដួលស្តូកស្តឹងនៅត្រង់ចំណុចកើតហេតុដោយនៅលើមុខរបស់ជនរងគ្រោះមានរបួសហូរឈាមស្រោចពេញស្មៅ រួមទាំងម៉ូតូមួយគ្រឿងទៀតដួលនៅចិញ្ចើមផ្លូវចម្ងាយប្រមាណ២០០ម៉ែត្រ ពីជនរងគ្រោះ។
ភ្លាមៗនោះក៏មានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តសង្គ្រោះបន្ទាន់ ឲ្យចុះមកជួយធ្វើការអន្តរាគមន៍។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននិងរថយន្តសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុដើម្បីធ្វើការជួយសង្គ្រោះជនរងគ្រោះ តែជាអកុសល្យជនរងគ្រោះបានបាក់កដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើបានជិះម៉ូតូ តាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ទំនងជាជនរងគ្រោះបានអកហ្សើនឹងអ្វីមួយ រួចក៏កាច់ចង្កូតទៅខាងឆ្វេង ហើយក៏ជ្រុលទៅបុកនិងខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តោយឲ្យជនរងគ្រោះដួលបោកក្បាលទៅនិងខឿនសួនច្បារបាក់.កស្លាប់ភ្លាមៗ។ ចំណែកឯម៉ូតូបានខ្ទាតអូសទៅមុខប្រមាណ២០០ម៉ែត្ររងការខូចខាតបែកកាតាប៊ូខាងមុខនិងឆ្កូតកាបាំងបន្តិចបន្តួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះទៅធ្វើការវាស់វែងយកម៉ូតូខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំប្រគល់ទៅឲ្យសាច់ញាតិរបស់ជនរងគ្រោះវិញ។ ដោយឡែកសពបុរសរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅក្នុងវត្តទឹកថ្លា ដើម្បីរង់ចាំស្រាវជ្រាវស្វែងរកសាច់ញាតិឲ្យមកទទួលយកសពជនងគ្រោះយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕










មតិយោបល់