ព័ត៌មានជាតិ

បាត់ប្តីយូរនាំគ្នាដើររក ស្រាប់តែប្រទះឃើញដេកស្លាប់ឱបឧបករណ៍ ឆក់ត្រីនៅក្នុងបឹង

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ដោយឧបករណ៍ឆក់ត្រី ជាប់នៅនឹងខ្លួន នៅចំណុចបឹងប្រវែងទទឹង ក្នុងព្រៃរនាម ចម្ងាយពីភូមិ១០គីឡូម៉ែត្រ ស្ថិតក្នុងភូមិតាប្រុក ឃុំអូរ សណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមការរៀបរាប់របស់បងស្រី ឈ្មោះ ជឹម សុខឿន អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគាត់បានរៀបការជាមួយជនរងគ្រោះជាប្តីឈ្មោះ ធុល យ៉ា មានអាយុ៣១ឆ្នាំ ព្រមទាំងមានកូនប្រុសស្រី ចំនួនពីរនាក់ ហើយមុនពេលកើតហេតុ ប្តីរបស់គាត់បានចេញពីផ្ទះ ទៅនេសាទ ដោយយកឧបករណ៍ឆក់ត្រី ទៅជាមួយផង ខណៈនៅថ្ងៃកើតហេតុ រូបគាត់បានឃើញ អ្នកទៅនេសាទជាមួយត្រឡប់មកផ្ទះវិញ បាត់តែប្តីខ្លួន ក៏នាំក្រុមគ្រួសារ នឹងអ្នកជិតខាង ដើររកស្រាប់ប្រទះឃើញ បុរសជាប្តីស្លាប់នៅក្នុងបឹង នៅចំណុចខាងលើ ដោយមានឧបករណ៍ឆក់ត្រី ជាប់នឹងខ្លួន ហើយយកសាកសពត្រឡប់មកលំនៅដ្ឋានវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងអាជ្ញាធរ។

សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ច បានចុះដល់លំនៅដ្ឋានរបស់ជនរងគ្រោះ ដើម្បីធ្វើការពិនិត្យ កោសល្យវិច្ឆ័យលើសាកសព ហើយសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ ពិតជាស្លាប់ដោយប្រើឧបករណ៍ឆក់ត្រី ខុសបច្ចេកទេស ទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បែបនេះ ព្រោះពុំមានស្លាកស្នាមដែលឲ្យគួរសង្ស័យ ក្រៅពីឧបករណ៍ឆក់ត្រីជាប់នឹងខ្លួននោះឡើយ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់