ព័ត៌មានជាតិ

ល្បិចថ្មី ក្រុមចោរប្រដាប់អាវុធបន្លំជាកម្មករសំណង់ ០៣នាក់ ធ្វើជាជិះរ៉ឺម៉កម៉ូតូរកកន្លែងប្លន់

ត្បូងឃ្មុំៈក្រុមចោរប្រដាប់អាវុធតែងតែធ្វើសកម្មភាពប្លន់ជាបន្តបន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនជាខ្លាំង ដែលក្រុមចោរប្លន់ទាំងនោះតែងតែមានគ្រប់ល្បិចកលមុនសមត្ថកិច្ចមួយជំហានជានិច្ច ទោះជាយ៉ាងណាក៏សមត្ថកិច្ចយើងនៅតែតាមប្រមាញ់ក្រុមចោរទាំងនោះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ជាក់ស្ដែងក្រុមចោរប្រដាប់អាវុធ១ក្រុមបានក្លែងបន្លំជាកម្មករសំណង់ ហើយជិះរ៉ឺម៉កម៉ូតូ១គ្រឿងបម្រុងស្វែងរកកន្លែងធ្វើសកម្មភាពប្លន់ តែដោយកម្លាំងនគរបាលស្រុកអូរាំងឪបានចុះគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ធ្វើការឆែកឆេររកឃើញអាវុធAK២ដើម និងសម្ភារៈមួយចំនួន ចំណែកជនសង្ស័យ៣នាក់បាននាំគ្នារត់គេចខ្លួនបាត់ភ្លាមៗតែម្ដង ។

ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៦ កក្កដា ២០១៦នេះ នៅចំណុចភូមិលេខ២ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នា៣នាក់បានជិះរ៉ឺម៉កម៉ូតូ១គ្រឿង មើលទៅដូចជាបងប្អូនកម្មករទើបតែចេញមកពីធ្វើការសំណង់ តែដោយភាពឈ្លាសវៃសមត្ថកិច្ចបានហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យដោយរកឃើញអាវុធAK២ដើម បង់២ គ្រាប់៣២គ្រាប់ កន្ត្រៃកាត់ដែក១ និងសម្ភារៈមួយចំនួនទៀតដែលជនសង្ស័យលាក់ទុកក្នុងការ៉ុង គ្រាន់តែសមត្ថកិច្ចធ្វើការឆែកឆេរភ្លាមស្រាប់តែក្រុមជនសង្ស័យទាំង៣នាក់បានលោតចុះពីលើរ៉ឺម៉កហើយនាំគ្នារត់គេចខ្លួនបាត់ ភ្លាមៗកម្លាំងសមត្ថកិច្ចជាច្រើននាក់បាននាំគ្នាដេញតាម តែប្រតិបត្តិការណ៍ពេញមួយយប់គឺរហូតដល់ល្ងាចថ្ងៃទី៧កក្កដានេះ ក្រុមជនសង្ស័យមិនទាន់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅឡើយ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញនៅតែបន្តធ្វើការស្រាវជ្រាវ លើករណីនេះរហូតឈានដល់កំណត់មុខសញ្ញាក្រុមជនសង្ស័យ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ៕

មតិយោបល់