ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនផាន់គូ ស្លាកលេខសៀមរាប 3A-1254 ដឹកអ្នកដំណើរជនជាតិចិនចំនួន៣២នាក់ បើកប៉ះម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៥ និង៥០នាទីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបើកប៉ះម៉ូតូ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ នៅកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម៉ូតូហុងដាវេវ ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1J.9266 បើកបរដោយឈ្មោះ នឿន.សុខា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ (របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព)។ ចំណែករថយន្តម៉ាក KIA ពណ៌បៃតង ស្លាកលេខសៀមរាប 3A.1254 (របស់ក្រុមហ៊ុនផាន់គូ ដឹកអ្នកដំណើរជនជាតិចិនចំនួន៣២នាក់ គ្មានរងរបួស) អ្នកបើកបរឈ្មោះ លន រតនា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិពាម ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ចម្ងាយ២១គីឡូម៉ែត្រ ត្រូវសមត្ថកិច្ចឃាត់ និងនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលបារាយណ៍។ មូលហេតុបឋម បង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹង៕

មតិយោបល់