បន្ទាយមានជ័យៈ លោកនេន១អង្គ ព្រះនាម រ៉ាន់ ភារុំ ភេទប្រុស ព្រះជន្ន១៨វស្សា គង់នៅវត្តតាសល់ ភូមិតាសល់ ឃុំចំណោម រងរបួសធ្ងន់ត្រង់គល់.កខាងឆ្វេង ដោយសារបុរសម្នាក់ គ្មានទីលំនៅពិតប្រាកដ យកកាំបិតចិតបន្លែចាក់ ។
ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទីយប់ មានករណីអំពើហិង្សាដោយចេតនា១ កើតឡើងនៅក្នុងវត្តតាសល់ ភូមិតាសល់ ឃុំចំណោម ដែលបង្កឡើងដោយឈ្មោះ ចក់ វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិតាសល់ ឃុំចំណោម បានផឹកស្រវឹង ហើយបានយកកូនកាំបិតចិតបន្លែ ទៅភ្ជង់.កលោកនេន បណ្តាលឲ្យរងរបួសត្រង់គល់.ក ខាងឆ្វេង ឈាមហូរយ៉ាងច្រើន។
ប្រភពដដែលបន្តថា៖ ក្រោយពីបង្កឲ្យលោកនេន មានរបួស ជនសង្ស័យ បានយកកាំបិតចិតបន្លែនោះ ទៅជៀរខ្សែភ្លើង រួចអារដៃឆ្វេងខ្លួនឯង បណ្តាលឲ្យដាច់សរសៃឈាម ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។ ចំណែកលោកនេន ត្រូវបានគ្រូពេទ្យមកព្យាបាលនៅវត្ត។
ជនសង្ស័យជាមនុស្សអណាថា ស្នាក់នៅក្នុងវត្ត ហើយតែងតែផឹកស្រាស្រវឹង រករឿងលោកគ្រប់ៗ អង្គមិនដែលខាន។ ករណីនេះ បន្ទាប់ពីព្យាបាលរួចជនសង្ស័យ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌស្រុក រៀបចំសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់