ភ្នំពេញៈ ជនជាតិបរទេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្រម៉ុក លង់លក់យ៉ាងស្កប់ស្កល់ នៅកៀនរបងស្ថានីយ៍ប្រេងឥន្ទនៈ សូគីមិច ចំណុចរវង្វង់មូលចោមចៅ មិនដឹងថាមកពីណាទៅណាទេ ហើយក៏ត្រូវប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីឲ្យមកជួយសម្រួល ក្នុងដំណើររបស់គាត់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈ សូគីមិច រង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
បើតាមអ្នករត់ម៉ូតូឌុបប្រចាំទីនោះ បានឲ្យដឹងថា ជនបរទេសខាងលើ ត្រូវបានគេឃើញ ចុះពីលើរ៉ឺម៉កម៉ូតូកង់៣ តាំងពីវេលាម៉ោង១០យប់ថ្ងៃទី០៦ ខែកុម្ភៈម្ល៉េះ ដោយគ្មានអ្នកចេះនិយាយភាសារជាមួយ មិនដឹងថា មកពីណាគោលបំណង់ទៅណាទេ ទើបវង្វេង រកគោលដៅមិនឃើញ ហើយមកដេកនៅរបងអស់មួយយប់។
ដោយប្រទះឃើញជនរូបនេះ ដេកលង់លក់ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ ប្រជាពលរដ្ឋចោមរោមមើល និងងឿងឆ្ងល់ ទើបរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅសាកសួរ រួមជាមួយអ្នកចេះភាសារ និយាយសាកសួរ បង្ហាញលិខិតឆ្លងដែនឲ្យមើល ទើបដឹងរឿង។
ជនបរទេសខាងលើ មានឈ្មោះ HANSEN TOR-ERIK អាយុ៤៤ឆ្នាំ ជនជាតិ NORWAY លិខិតឆ្លងដែនលេខ 33565303 ចូលមកប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ជាទេសចរណ៍ ។ បើតាមការរៀបរាប់ ជនបរទេសរូបនេះ កាលពីយប់ថ្ងៃទី០៦ ខែមករា ម្សិលមិញ រូបគេក្រោយវិលត្រឡប់មកពីកម្សាន្តនៅក្រុងព្រះសីហនុវិញ គេត្រូវដំណើរឡើងយន្តហោះវិល ទៅស្រុកកំណើតវិញ ហើយមិនដឹងថា ទៅរកយន្តហោះនៅឯណា ម្យ៉ាងយប់ជ្រៅទៅហើយ ទើបគេសម្រេចចិត្ត អង្គុយនៅទីនេះ រហូតដល់លង់លក់អត់ដឹងខ្លួន ។
ដើម្បីសុវត្តិភាពដល់ជនបរទេសខាងលើ ក្នុងនាមចូលមកទេសចរណ៍ប្រទេសកម្ពុជា ទើបសមត្ថកិច្ចមូលដ្ឋាន ជួយសម្រួល និងឌុបជូនជនបរទេសខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្ត៕
មតិយោបល់