ព័ត៌មានជាតិ

កំពុងលង់លក់ក្នុងដំណេក ចោរចូលលួចកាបូបលុយ អស់១លានរៀល និងឯកសារមួយចំនួន

ភ្នំពេញៈ ស្រ្តីម្នាក់ រួមដំណើរជាមួយប្តី បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ៣ កាលវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីត្រូវចោរចូលលួច យកកាបូបលុយអស់១លានរៀល និងឯកសារសាធារណៈមួយចំនួនទៀត ខណៈកំពុងលង់លក់ក្នុងដំណេក នៅរោងកម្មករ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះឈ្មោះ ឡេង សុគន្ធ អាយុ៣៩ឆ្នាំ មុខរបរ កម្មករសំណង់ មានប្តីឈ្មោះ រិន ទីន អាយុ៣៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅជាមួយគ្នា រួមជាមួយកូនស្រី និងប្អូនស្រី២នាក់ទៀត នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

សម្ភារៈបាត់បង់ក្នុងកាបូប ត្រូវបានជនរងគ្រោះអះអាងថា មានលុយចំនួន១លានរៀល អត្តសញ្ញាណប័ណ្ណ៣សន្លឹក ប្តី ប្រពន្ធ និងកូន សំបុត្រកំណើត និងឯកសារមួយចំនួនទៀត ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះ បានឲ្យដឹងថា ៣នាក់ប្តីប្រពន្ធនិងកូន ខំធ្វើការងារសន្សំលុយ ទម្រាំបានប្រាក់១លានរៀល ហើយបានយកលាក់ទុកក្នុងកាបូប នៅយប់ថ្ងៃទី០៦ ខែកុម្ភៈ ចូលដេកសម្រាកក្នុងរោងកម្មករ មានតែ៤នាក់ ប្តីប្រពន្ធ កូននិងប្អូនស្រីបង្កើត កាបូបដាក់នៅលើក្បាលដំណេក ហើយលង់លក់ទាំងអស់គ្នា លុះដល់វេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី០៧ ខែកុម្ភៈ ភ្ញាក់ពីដំណេក ងើបបត់ជើងតូច ស្រាប់តែបាត់កាបូបលុយ ដែលរុំនឹងក្រណាត់ ទើបឆោឡោ លុះរហូតដល់ភ្លឺឡើង ទើបនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដើម្បីឲ្យជួយស្រាវជ្រាវ៕

មតិយោបល់