ព័ត៌មានជាតិ

តុលាការកាត់ទោសម៉ែយ៉ែម និងបក្ខពួកម្នាក់ ករណីសញ្ចារកម្ម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ លោកស្រី ថ្លាង ផាណែត ចៅក្រមជំនំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសស្ត្រីជាម៉ែយ៉ែម និងមេកា ហាងម៉ាស្សាបង្កប់សេវផ្លូវភេទ នៅខណ្ឌឬស្សីកែវ។

ជនជាប់ចោទទី១ឈ្មោះ ង៉ុន សុខណា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ ម្ចាស់ហាង ម៉ុមម៉ាស្សា មានទីតាំងនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងទី២ឈ្មោះ អៀប ដារ៉ា ហៅ ប៊ុនតឺម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាមេកាហាង ម៉ុមម៉ាស្សា ត្រូវបានលោក ហ៊ឹង ប៊ុនថន តំណាងអយ្យការចោទប្រកាន់ពីបទ សញ្ចារកម្ម ប្រព្រឹត្តក្នុងផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ យោងតាមមាត្រា ២៨៤ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទឈ្មោះ អៀប ដារ៉ា បានបដិសេធថាខ្លួនមិនបានដឹងនោះទេ ដោយខ្លួនមកហាងម៉ាស្សានោះដើម្បីលេងមីងជាម្ចាស់ហាងតែប៉ុណ្ណោះ។

ចំណែកជនជាប់ចោទឈ្មោះ ង៉ុន សុខណា បានបដិសេធថាខ្លួន មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយខ្លួនតែងតែអប់រំស្ត្រីម៉ាស្សារបស់ខ្លួន កុំឱ្យដេកជាមួយភ្ញៀវជាដាច់ខាត។

ផ្ទុយពីការអះអាងខាងលើ ចម្លើយរបស់សាក្សី និងជាស្ត្រីរងគ្រោះចំនួន ៤នាក់បានបញ្ជាក់ប្រាប់អង្គសវនាការថា ជនជាប់ចោទឈ្មោះ អៀប ដារ៉ា គឺជាមេកាហាងម៉ាស្សានោះ ហើយពួកគេអាចដេកជាមួយភ្ញៀវនៅក្នុងហាងក៏បាន ឬក្រៅហាងក៏បានដោយយកតម្លៃពី ៦ម៉ឺន ទៅ៨ម៉ឺនរៀលពីភ្ញៀវ ប៉ុន្តែត្រូវបង់លុយឱ្យជនជាប់ចោទឈ្មោះ ង៉ុន សុខណា ជាម្ចាស់ហាងចំនួន ២ម៉ឺនរៀល។សំណុំរឿងនេះនឹងត្រូវតុលាការប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕


ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=QubOCNBn7Ds&feature=youtu.be
https://www.youtube.com/watch?v=F3VBLnVKCJI&feature=youtu.be

មតិយោបល់