ព័ត៌មានជាតិ

Update៖ បណ្តើរកង់លើកទាំងដៃជាសញ្ញា ត្រូវម៉ូតូធំ បុកផ្តាច់សង្ខារលោកតាវ័យ៨១ឆ្នាំ

ភ្នំពេញ: ក្រុមគ្រួសារកូនចៅឯណាមិនក្រៀមក្រំ ទួញទ្រហោរយំ ដោយក្តីសោកសង្រេងជាទីបំផុត បន្ទាប់ពីលោកតាវ័យ៨១ឆ្នាំ បណ្តើរកង់ឆ្លងផ្លូវ លើកទាំងដៃជាសញ្ញា ត្រូវបានម៉ូតូធុនធំ បើកបោះពួយយ៉ាងលឿន បុកទាំងកម្រោល ផ្លោងជាច្រើនម៉ែត្រ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ ។

លោកតារងគ្រោះឈ្មោះ សះ សែម អាយុ៨១ឆ្នាំ មានទីលំនៅ ភូមិកម្រៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញលោកតាវ័យចំណាស់ម្នាក់ បានបណ្តើរកង់ឆ្លងផ្លូវជាតិលេខ៤ ពីជើងទៅត្បូង ដោយលើកទាំងដៃ ជាសញ្ញាផង ស្របពេលនោះ ស្រាប់តែមានម៉ូតូធុនធំមួយគ្រឿង ពណ៌លឿង មិនចាំម៉ាក ស្លាកលេខ បើកបរក្នុងល្បឿនលឿនពីលិចទៅកើត ជ្រុលមកបុកលោកតា ដែលកំពុងបណ្តើរកង់ពេញទំហឹង ផ្លោងខ្ទាតជាច្រើនម៉ែត្រ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកណ្តាលផ្លូវជាតិយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុម៉ូតូបង្ក មិនដួលទេ ហើយបានបន្ថែមល្បឿន បើករត់គេចតាមបណ្តោយផ្លូវជាតិលេខ៤ ទៅខាងកើតបាត់ស្រមោល បន្សល់ទុកតែសាកសព និងកង់ រួមជាមួយកាងម៉ូតូធ្លាក់លើផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯផ្ទះក្បែរនោះ ហើយបច្ចុប្បន្ន សមត្ថកិច្ច កំពុងបន្តធ្វើការស្រាវជ្រាវ ស្វែងរកម៉ូតូបង្ក ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់