ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ស្លាប់ និងរបួស ២នាក់ នៅផ្លូវជាតិលេខ៣

ភ្នំពេញ: យុវជនម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់ នៅក្នុងថ្លុកឈាម ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់០៧ បុកជាមួយម៉ូតូ ZOOMER X ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង។ ​

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៣០ យប់ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិដូនកី សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះផា ចន អាយុ២៤ ឆ្នាំ មុខរបរអ្នករត់តុ ស្រុកកំណើតភូមិព្រៃស្ពឺ(គ ) សង្កាត់ពងទឹក ខណ្ឌដង្កោ។

យោងតាមប្រភពព័ត៌មានពីប្អូនប្រុសជនរងគ្រោះ បាននិយាយថា មុខពេលកើតហេតុ បងប្រុសខ្លួន (ជនរងគ្រោះ) បានចេញពីធ្វើការ រួចជិះម៉ូតូម៉ាក សង់ឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៧ ស្លាកលេខ កណ្ដាល1E-5211 ទៅទិញអីហូប ពេលជិះម៉ូតូត្រឡប់មកវិញ ក្នុងទិសដៅពីត្បូងមកជើង មកដល់និងចំណុចកើតហេតុផ្លូវងងឹតផង ខណ:នោះក៏មានម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខតាកែវ 1O-4622 ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនបានបុកគ្នាពីមុខពេញទំហឹង បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូសង់ឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៧ ដួលបោកក្បាលនិងថ្នល់ជាតិស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានខាងមន្ទីរពេទ្យឯកជនសម្ភរស្មី ដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយពេលកើតហេតុសមត្តិច្ចមូលដ្ឋាន បានចុះមកដល់និងកន្លែងកើតហេតុ បានធ្វើការវាស់វែង និងយកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

ចំណែកសពសមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់