ព័ត៌មានជាតិ

ជំនួញឈើប្រណីតឆ្លងដែនកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងតាមច្រករបៀងង៉ាំដី

មណ្ឌលគិរីៈ បទល្មើសព្រៃឈើក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងរៀងរាល់ថ្ងៃ ទោះបីជាប្រមុខរាជរដ្ឋាភិបាលបានចាត់វិធានការក្ដៅ រឹតបន្ដឹងមិនឲ្យកើតមានបទល្មើសទាំងនេះក្ដី ប៉ុន្តែក្រុមឈ្មួញជួញឈើប្រណីតទៅប្រទេសវៀតណាមនៅក្នុងស្រុកកែវសីមា ដែលសុទ្ធសឹងជាសមត្ថកិច្ចនោះ នៅតែធ្វើសកម្មភាពនាំឈើតាមរថយន្តទៅប្រទេសវៀតណាម តាមច្រករបៀងង៉ាំដីហៅច្រក១ មិនក្រោមពី៥ទៅ១០គ្រឿងឡើយក្នុង១ថ្ងៃៗ។

យោងតាមប្រភពពីសមត្ថកិច្ចមួយរូបក្នុងស្រុកកែវសីមាដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ជំនួញឈើប្រណីតគេចពន្ធទៅប្រទេសវៀតណាមតាមច្រករបៀងង៉ាំដីនេះ ត្រូវបានគេដឹងថា មន្ត្រីនគរបាល និងមន្ត្រីយោធា ដែលមានតួនាទីយាមកាមនៅចំណុចនោះ បានឃុបឃិតគ្នាជាប្រព័ន្ធទៅហើយ ក្នុងការបង្កលក្ខណៈឲ្យរថយន្តដឹកឈើឆ្លងទៅប្រទេសវៀតណាមយ៉ាងងាយស្រួល តាមច្រករបៀងង៉ាំដីនេះ ជាថ្នូរ និងប្រយោជន៍យ៉ាងផ្អែមមាត់។

ប្រភពដដែលបន្តថា រថយន្តដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើទៅក្រៅប្រទេសតាមច្រករបៀងខាងលើនេះ ភាគច្រើនជារថយន្តម៉ាកឡង់គ្រីស័រ និងរថយន្តកែច្នៃជាដើម ហើយមន្ត្រីដែលមានតួនាទីបង្ក្រាបបទល្មើសទាំងនេះ មិនត្រឹមតែមិនបង្ក្រាបនោះទេ ថែមទាំងជាអ្នកសម្របសម្រួលមើលផ្លូវឲ្យបទល្មើសទាំងនោះទៅវិញ ដោយខ្លាចក្រែងមានសមត្ថកិច្ចមកពីមជ្ឈដ្ឋានផ្សេងបង្ក្រាបបទល្មើសរបស់ពួកគេ។

សេចក្ដីរាយការណ៍បញ្ជាក់ថា ឈ្មួញដែលអាចរកស៊ីជួញឈើប្រណីត ឆ្លងដែនទៅប្រទេសវៀតណាមបានតាមច្រករបៀងង៉ាំដីនេះ បាន សុទ្ធតែជាអ្នកមានខ្នងបង្អែកជាមន្ត្រីយោធាធំៗក្នុងខេត្ត ទើបអាចធ្វើជំនួញឈើឆ្លងដែនយ៉ាងរលូនបែបនេះ។

ពាក់ព័ន្ធនិងករណីនេះលោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នៅច្រករបៀងង៉ាំដីនោះ មិនមានបទល្មើសព្រៃឈើឆ្លងដែនទេ។ ជាមួយគ្នានេះដែរ មេបញ្ជាការយោធាវរការពារព្រំដែនលេខ១០៣ លោក យិន ចាន់ទី ក៏បានថ្លែងថា លោកមិនបានទទួលបានព័ត៌មាននេះទេ លោកនឹងសាកសួរទៅមន្ត្រីក្រោមឱវាទសិន៕

https://youtu.be/j1W7eLwQ9mQ

មតិយោបល់