ព័ត៌មានជាតិ

ល្បែងស៊ីសង​នៅ​សង្កាត់​តាខ្មៅ​ដុះ​ដូច​ផ្សិត​អាជ្ញាធរ​បិទ​ភ្នែក​មិន​រវល់​សោះ​

​កណ្តាល​៖ ល្បែង​បៀរ​អាប៉ោង​បាល់​កន្ទុយលេខ​កើត​រីកដុះដាល​ដូច​ផ្សិត​នៅ​ក្រុង​តាខ្មៅ អាជ្ញាធរ​សមត្ថកិច្ច​នាំ​គ្នា​បិទ​ភ្នែក​មិន​រវល់​អើពើ​ឡើយ​។​
​ ​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅក្នុង​ទឹកដី​ក្រុង​តាខ្មៅ​មានតែ​សង្កាត់ តាខ្មៅ មាន​បើក​លេង​ល្បែង​ច្រើន ជាង​គេ​ដូច​ជា បៀ អាប៉ោង កន្លែង​ភ្នាល់​ចាក់បាល់ និង​ល្បែង​កត់​កន្ទុយលេខ បើក​ជា​ជំហរ​តែម្តង​។​
​ ​ជាក់ស្តែង​នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ មាន​បើក​លេងបៀរ អាប៉ោង កត់​បាល់​កន្ទុយលេខ​ចំនួន​២​កន្លែង អ្នក​បើក​ល្បែង​មាន​ឈ្មោះ​ស្រី ម៉ៅ និង​ឈ្មោះ​ស្រី ស្តើង បើក​លេង​ទាំងថ្ងៃទាំងយប់ រាល់​ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​ក្រុម​អ្នកញៀន​ល្បែង ស្កាត់​មកលេង​ភាគច្រើន​មក​ពី​រាជធានី​ភ្នំពេញ មាន​ប្រុស​មាន​ស្រី វិច​លុយ​មក​លេង​ក្នុង​មួយ​ថ្ងៃ​ចាញ់​និង​ឈ្នះ​រាប់ពាន់ ដុល្លារ ឯណោះ​។​
​ ​ប្រភព​ខាងលើ​បន្តថា អ្នក​មក​លេង​សុទ្ធតែ​ជិះ​ម៉ូតូឌុប និង​រថយន្ត​តាក់ស៊ី ឡើង​លេង​នៅលើ​ផ្ទះ​ឈ្មោះ​ស្រី ម៉ៅ ចាប់​លេង​តាំងពី​ព្រឹក​ដល់​យប់​ទើប​ឈប់ ហើយ​កន្លែង​ចាក់​បាល់​កន្ទុយលេខ​ដ៏​ធំ​មួយ​របស់​ស្រី​ស្តើង​វិញ បើក​លេង​នៅ​ជិតគ្នា ក្បែរ​ផ្លូវ​ចូល​ខារ៉ាអូខេ ត្រជាក់ចិត្ត​ថ្មី​បើក​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ រហូតដល់​យប់​ដែរ ស្ត្រី​ម្ចាស់ផ្ទះ​បើក​ល្បែង​គឺ​សុទ្ធ តែ​អះអាង​ដូចៗ​គ្នា​ថា មិន​ចាំបាច់​មាន​ការព្រួយបារម្ភ​ខ្លាច​អ្វី​នោះទេ គឺ​ពួកគាត់​បង់លុយ​ប្រចាំ​ខែ​ទៅឲ្យ​អាជ្ញាធរ​សមត្ថកិច្ច អស់ហើយ ម្យ៉ាង​សមត្ថកិច្ច​សុទ្ធតែ​ខ្សែបណ្តាញ​គ្នា​របស់​គាត់​ទាំងអស់​។​
​ ​ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ​បាន​និយាយ​រិះគន់ថា​ល្បែង​ជាច្រើន​កន្លែង​កើតឡើង​ដូច​ផ្សិត​បែបនេះ​មកពី​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ធ្វើ​ការហាមឃាត់ សង្ស័យ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​អស់ហើយ បានជា​ត្រជាក់​ល្ហឹម​បែបនេះ​។ ពលរដ្ឋ​បន្តថា ល្បែង​កើតមាន​យូរ​ឆ្នាំ​មកហើយ ចំណែក​ការផ្លាស់ប្តូរ​អភិបាល​ក្រុង​តាខ្មៅ ជាច្រើន​នាក់​បន្តបន្ទាប់​ដែរ ពួកគាត់​មិន​ដែល​ឃើញ​ធ្វើ​ការបង្ក្រាប​បាន​ម្តងណា​ឡើយ ពិសេស​នៅ​បច្ចុប្បន្ន​នេះ​តែម្តង ល្បែងស៊ីសង​កើតឡើង​លើស​ពី​មុន​ទៅទៀត គាត់​នាំ​គ្នា​ងឿងឆ្ងល់​ណាស់​តើ​ហេតុអ្វី​បាន​ជា​មិន​នាំគ្នា​លុបបំបាត់​អីចឹង​? ទុក​បណ្តោយ​ឲ្យ​ល្បែង​ដុះដាល​គ្រប់​ទីកន្លែង​យ៉ាង​ដូច្នេះ​ទៅវិញ​។​
​ ​ពលរដ្ឋ​បាននាំគ្នា​ស្នើសុំ​ទៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់លើ​ពិសេស​លោក​អភិបាលខេត្ត​កណ្តាល មេត្តា ដាក់​វិធានការ​ឲ្យ​មន្ត្រីក្រោមឱវា​ទ​ជួយ​លុបបំបាត់​ឲ្យអស់​ពី​មូល​ដ្ឋា​ន​ផង​ទាន​។
​ ​គួរបញ្ជាក់​ថា ការបង្កើត​ល្បែងស៊ីសង​គ្រប់​ប្រភេទ​គឺ​វា​អាច​បណ្តាល​ឲ្យ​អ្នកចាញ់​បែកគំនិត​គិត​ខ្លី​ប្រព្រឹត្ត​នូវ​បទល្មើស​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​។​
​ ​ពាក់ព័ន្ធ​និង​ការបើក​ល្បែង​ខាងលើ​ខាង​អ្នកសារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​អំពី​លោក​អៀម សម័យ អភិបាលក្រុង​ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី​បាន​ឡើយ​កាល​ម្សិលមិញ​ដោយ​ទូរស័ព្ទ​របស់​លោក​ឆ្លើយ​ជាប់រវល់​៕
2014-12-01_075914

មតិយោបល់