ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឆក់សកម្មនិងអាជីពតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញចំនួន៥នាក់ជាបន្ត បន្ទាប់ ដោយពន្លាតដែនសមត្ថកិច្ចតាមច្បាមដល់ខណ្ឌចំការមន ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ដោយមុនពេលកើតហេតុ ជនរងគ្រោះមិនស្គាល់ឈ្មោះ ជនជាតិអឺរ៉ុប បានដើរម្នាក់ឯង លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានឈប់ហើយកាន់ទូរស័ព្ទដៃចុចលេង ពេលនោះក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Beat ពណ៍ខៀវលាយ ស បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសំរេច រួចនាំគ្នាជិះម៉ូតូគេចខ្លួន ។ ភ្លាមនោះជនរងគ្រោះក៏ស្រែកផ្អើលឆោរឡោ ស្របពេលកំលាំងសមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍ដែលកំពុងល្បាតក្នុងមូលដ្ឋានឃើញហេតុការណ៍ក៏ធ្វើការអន្តរាគមន៍ដេញប្រថាប់ចាប់ប្រភីង ធ្វើអោយជនសង្ស័យភ័យរ៉េចង្កូតដួលម៉ូតូ សមត្ថកិច្ចក៏បានបង្ក្រាបជាក់ស្តែងបានជនសង្ស័យម្នាក់ឈ្មោះ កាក់ លីហ័រ រួមនឹងវត្ថុតាងធ្វើសកម្មភាពម៉ូតូ១គ្រឿងផងដែរ ដោយនាំមកប៉ុស្តិ៍រដ្ឋបាលវត្តភ្នំដើម្បីធ្វើការសាកសួរ ។ ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះផាត ដែលជាអ្នកជិះពីក្រោយ នឹងធ្វើសកម្មឆក់បានរត់គេចខ្លួនបាត់ ព្រមជាមួយទូរស័ព្ទដៃរបស់ជនរងគ្រោះផងដែរ រីឯជនរងគ្រោះជាស្ត្រីជនបរទេសបានឡើងរថយន្តឈ្នួលចេញទៅបាត់ដោយមិនបានដាក់ពាក្យបណ្តឹង ឬស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចឡើយ ។
បន្ទាប់ពីបានតំរុយនៃការឃាត់ខ្លួនជនសង្ស័យម្នាក់ កំលាំងសមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ អំពីមុខសញ្ញាបក្ខពួក និងសមាសភាពក្រុមឆក់ដទៃទៀត ហើយបានបន្តបើកការស្រាវជ្រាវរហូតមកដល់វេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃដដែល សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបសមាសសភាពឆក់ក្រុមទី២ នៅចំណុចក្រោយផ្សាររាត្រី ដែលឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតដែលមានឈ្មោះ ១/-ឈ្មោះថេង សុងហ៊ីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ២/-ឈ្មោះម៉ៅ វុទ្ធី ភេទប្រុស អាយូ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
ជាវិធានការជំនាញជីកឬសគល់ កាប់មែក កាប់ធាង សមត្ថកិច្ចបានបន្តសួរយកចម្លើយជនសង្ស័យ និងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តដោយពន្លាតដែនសមត្ថកិច្ចតាមច្បាមដល់ខណ្ឌចំការមន រហូតមកដល់វេលាម៉ោង២អាធ្រាត្រ បានបង្ក្រាបនិងឃាត់ខ្លួនសមាសសភាពឆក់ក្រុមទី៣ ចំនួន២នាក់បន្ថែមទៀតនៅកោះពេជ្រដែលមានឈ្មោះ ១/-ឈ្មោះ នៅ ជែម ភេទប្រុស អាយូ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ២/-ឈ្មោះ វុទ្ធី ដារ៉ុងរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ សុទ្ធសឹងជាសមាសភាពឆក់សកម្មជាអាជីព តាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ដែលតែងធ្វើសកម្មភាពលើជនបរទេស និងជាសមាសភាពប្រើប្រាស់គ្រឿងញៀន ហើយកិច្ចប្រតិបត្តិការបង្ក្រាបនេះបានចាប់ផ្តើមពីពេលកើតហេតុរហូតមកដល់វេលាម៉ោង៣និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ក្នុងប្រតិបត្តិការនេះ សមត្ដកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃ២គ្រឿង, កាបូបក្រវ៉ាត់ចង្កេះជនបរទេស១និងសំភារះផ្សេងៗ, ម៉ូតូចំនួន៣គ្រឿង ម៉ាក់ C125 ពណ៌ខ្មៅ1 ម៉ាក Beat 1គ្រឿង នឹងម៉ាក់ Nex 1គ្រឿង ៕
មតិយោបល់