ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពេលដែលរូបគេបានធ្វើសកម្មភាពវាយដំទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យរងរបួសយ៉ាងដំណំ ខណៈប្រទះឃើញជនរងគ្រោះកំពុងតែជិះម៉ូតូរបស់ប្រពន្ធខ្លួននៅតាមផ្លូវ បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកនៅស្ទឹងមានជ័យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៦ នៅលើផ្លូវបេតុង ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជាប្តីដែលបានឃាត់ខ្លួនមានឈ្មោះ រិត សារិន រតនា អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខឯកជន និងប្រពន្ធឈ្មោះ វ៉ា សុភាព អាយុ៣៣ឆ្នាំ មានទីលំនៅផ្លូវបេតុ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ក្បែរកន្លែងកើតហេតុ) និងបុរសរងគ្រោះមានឈ្មោះ ចិន អាយុ ២៦ឆ្នាំ ត្រូវបានរងរបួសយ៉ាងដំណំ។
មុនពេលកើតហេតុ បុរសរងគ្រោះបានធ្វើតំណើរតាមម៉ូតូម៉ាក ZOOMER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ១FN-២៣១៧ មួយគ្រឿង ដែលបានខ្ចីពីស្រ្តីជាប្រពន្ធរបស់ជនបង្កអស់រយៈពេល ៥ថ្ងៃមកហើយ ដើម្បីរកការងារធ្វើ លុះក្នុងពេលនេះដែរ ក៏បានជិះយកមកសងវិញក៏ត្រូវបុរសជាប្តីបានប្រទះឃើញ ដោយការយល់ច្រឡំនោះ ក៏ធ្វើសកម្មភាពស្ទាក់វាយ បណ្តាលឲ្យបែកមុខបែកមាត់ និងរងរបួសធ្ងន់តែម្តង បើទោះជាមានការអះអាងពីសំណាក់ស្ត្រីជាប្រពន្ធថា ជាមិត្តភក្តិរបស់ខ្លួនក៏ដោយ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានគេបញ្ជូនយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ចំណែកឯបុរសជាប្តីត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យនាំខ្លួនយកទៅធ្វើការណែនាំ និងអប់រំ ព្រោះរឿងនេះ វាបង្កឡើងដោយសារតែការយល់ច្រឡំប៉ុណ្ណោះ៕





មតិយោបល់