ព័ត៌មានជាតិ

ថ្ងៃទិវានៃសេចក្តីស្រឡាញ់ ខឹងហៅទៅផ្ទះមិនទៅ ប្តី ចាក់ប្រពន្ធ ១ទុល្វីស បណ្តាលឲ្យរបួសធ្ងន់…

កណ្តាលៈ នៅវេលាម៉ោង ៩យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ មានករណីហិង្សាដោយចេតនា នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះ ឈ្មោះ សុខ ផល្លា ភេទស្រី អាយុ ៣៦ឆ្នាំ ជាតិខ្មែរ (ជាប្រពន្ធ) មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មការនីរោងចក្រ (របួសបំពង់ក) បច្ចុប្បន្នសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យជ័យជំនះ ខេត្ដកណ្ដាល។

ជនសង្ស័យ (ជាប្តី) ឈ្មោះជួង ជឹម ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិតានូឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ លាងម៉ូតូ (គេចខ្លួនបាត់)។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ឈ្មោះ ជួង ជឹម បានមកដល់ផ្ទះឪពុកក្មេក ឈ្មោះ សុខ ព្រិច មកតាមរកប្រពន្ឋឈ្មោះ សុខ ផល្លា ឲ្យទៅផ្ទះរួមរស់ជាមួយគ្នាវិញ ប៉ុន្តែប្រពន្ធឆ្លើយថា អស់និស្ស័យហើយ មិនទៅវិញទេ បន្ទាប់មកឈ្មោះជួង ជឹម ក៏បិទភ្លើងអគ្គិសនី រួចចាប់អូសដៃឈ្មោះ សុខ ផល្លា ទៅក្នុងរោងបាយក្បែរពាងទឹក ហើយយកទុល្វីសចាក់ប្រពន្ធចំបំពង់ក ដោយពេលនោះ បានឮសំទ្បេងកូនស្រែក ឈ្មោះ សុខ ព្រិច ក៏រត់ទៅជួយឃាត់ ទាញចេញពីគ្នា ទើបឈ្មោះជួង ជឹម ប្រលែងប្រពន្ធ ហើយរត់គេចខ្លួនតែម្តង។

ភ្លាមៗផងដែរជនរងគ្រោះ ត្រូវម្តាយ និងបងប្អូន បញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យជយ័ជំនះ ខេត្ដកណ្ដាល។

សូមបញ្ជាក់ថា៖ កន្លងមកប្ដីប្រពន្ធខាងលើ ធ្លាប់មានទំនាស់ លែងលះគ្នាចំនួន ៤ដងមកហើយ មានកិច្ចសន្យាត្រឹមសាលាឃុំ។

បច្ចុប្បន្នផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ កំពុងប្រមូលផ្ដុំសំណុំរឿង ចាត់ការតាមនីតិវីធី៕

មតិយោបល់