ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! ប្រហិតត្រី មានផ្ទុកសារធាតុគីមី កាំកុងត្រូលអាកាសដ្ឋានអន្តរជាតិភ្នំពេញ រកឃើញ និងដកហូត

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលអាកាសដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណ:កម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារសេនជូរីផ្លាស្សា ខណ្ឌសែនសុខ។

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ ខាត់ណា ស្ពៃតឿ សាឡាដ ខ្ញីហាន់ លត មី សរសៃគុយទាវ សាច់ក្រកស៊ីភី និងប្រហិតត្រី ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញប្រហិតត្រីចំនួន ០២ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ និងបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុត កម្ទេចចោលតាមនីតិវិធី។ ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការណែនាំ ដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខ ច្បាប់ថែមទៀត៕

មតិយោបល់