ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ខណៈជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ កំលាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកបានចេញប្រតិបត្តិការចុះ​បង្ក្រាបការជួញដូរគ្រឿងញៀនជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យប្រុស​ស្រី៤នាក់ ព្រមទាំងដកហូតថ្នាំញៀន និងឧបករណ៍​ប្រើប្រាស់មួយចំនួន កាលពីរសៀលថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០១៦នេះ នៅចំណុចផ្លូវរថភ្លើងក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

​សមត្ថកច្ចខណ្ឌដូនពេញបានឲ្យដឹងថា ក្រុមជនសង្ស័យជនសង្ស័យដែលឃាត់ខ្លួនចំនួន០៤នាក់​ ទី១ឈ្មោះ ឌុន តូច ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះហួសាង ហៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ទី៣ឈ្មោះ សេក រស្មី ភេទប្រុស អាយុ២៧ឆ្នាំ និងទី៤ឈ្មោះប៊ុនស្រី លឹង ភេទស្រី អាយុ១៥ឆ្នាំ។ ជនសង្ស័យទាំង៤នាក់ខាងលើ មាន​មុខរបប និងកន្លែងស្នាក់នៅមិនពិតប្រាកដ។

​​​បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា ជនសង្ស័យខាងលើ មិនបានជួលផ្ទះរបស់គាត់ទេ ហើយគាត់បានប្រាប់ឲ្យពួកគេចេញពីបន្ទប់ផ្ទះជួលរបស់គាត់ តែពួកគេមិនស្ដាប់ថែមគាស់ផ្ទះគាត់ចូលសង្ងំ​ជក់គ្រឿងញៀន និងគំរាមធ្វើបាបដល់គាត់ទៀតផង។

​សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា មុនពេល​ចុះប្រតិបត្តិការ​​ ​កម្លាំងប៉ុស្តិ៍ស្រះចក និងកម្លាំងខណ្ឌដូនពេញបានចេញល្បាតនៅមូលដ្ឋាន ​ក៏​បានទទួលព័ត៌មានសម្ងាត់ថា មានជនសង្ស័យ១ក្រុម មានប្រុស និងស្រីកំពុងតែសង្ងំជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះកើតហេតុខាងលើ​ ​កម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញ និងកម្លាំងមូលដ្ឋានចុះទៅ​បង្ក្រាបភ្លាមៗ ដោយ​ឃើញ​​ក្រុមជនសង្ស័យទាំងនោះកំពុងតែប្រើប្រាស់គ្រឿងញៀនជាក់ស្តែង ទើបកម្លាំងបានឃាត់ខ្លួនទាំង០៤នាក់ គឺប្រុស០៣នាក់ និងស្រីម្នាក់ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន០៤កញ្ចប់តូចរួមទាំងឧបករណ៍​ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត បញ្ជូនមកអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង​ចាត់ការតាមនិតិវិធី៕

មតិយោបល់