ព័ត៌មានជាតិ

ជនសង្ស័យ០៤នាក់ត្រូវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនបរទេស

សៀមរាប: កាលពីថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ ២០១៩ នៅវេលាម៉ោង ២១នៅ៣០នាទីយប់ នៅចំណុចតាមបណ្តោយផ្លូវ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) បង្ករ ឡើងដោយជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ឆក់យកកាបូបពី ភ្ញៀវបរទេស ជាជនជាតិចិន ភេទស្រី បានសម្រេចហើយ ព្យាយាមរត់គេចខ្លួន ។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងនគរបាលចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលនៅឈរជើងនៅតាមគោលដៅ ក្បែរកន្លែងកើតហេតុ បានធ្វើការប្រដេញ តាមចាប់ខ្លួនជនសង្ស័យ ។ចំណែកជនរងគ្រោះជាជនបរទេស ក៏បាន ទៅរាយការណ៍ ដាក់ពាក្យបណ្តឹង ផងដែរ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរាយការណ៍ ពីជនរងគ្រោះ និងពិនិត្យ ស្រាវជ្រាវលើមូលដ្ឋានជំនាញផ្សេងៗ កម្លាំងនគរបាលយើងបានកំណត់ ទីតាំង និងអត្តសញ្ញាណ របស់ក្រុមជនសង្ស័យ ។

រហូតមកដល់វេលាម៉ោង២២និង៤០នាទីយប់ថ្ងៃខែដដែលដោយមានការឯកភាព ពីលោកស្នងការ និងលោកស្នងការង ទទួលផែនព្រហ្មទណ្ឌ ក៏ដូចជាលោកអធិការនគរបាលក្រុងសៀមរាប កម្លាំងសមត្ថកិច្ច បានសម្រេច នាំខ្លួន ជនសង្ស័យចំនួន០៤នាក់ ដែលកំពុងសង្ងំលាក់ខ្លួន នៅក្នុង ផ្ទះមួយកន្លែង ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការសាកសួរតែម្តង។

ក្រុមជនសង្ស័យទាំង០៤នាក់នេះមាន:
-ទី០១-ឈ្មោះ ឌី លីហ័រ ភេទប្រុស អាយុ១៧ឆ្នាំ(ធ្វើសកម្មភាពលួចឆក់)

-ទី០២-ឈ្មោះ ចាន់ វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកបើកម៉ូតូ បំរើឲ្យសកម្មភាពឆក់)

-ទី០៣-ឈ្មោះងួន ឆាយហុង ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកទទួលផល)

-ទី០៤-ឈ្មោះតាន់ ប៊ុនឡុង ភេទប្រុស អាយុ១៦ឆ្នាំ(អ្នកទទួលផល)

វត្ថុដែលដកហូតមាន
-ម៉ូតូចំនួន០១គ្រឿង (ម៉ាកឡេទ “Let’s”ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ1AC-7467)
-ទូរសព្ធ័០១គ្រឿង (ម៉ាក Iphone8)
-កាបូបដៃពណ៍លឿង ចំនួន០១ និងទ្រព្យសម្បត្តិ ផ្សេងៗទៀតនៅក្នុងកាបូបរបស់ជនរងគ្រោះមកវិញ

ក្រោយពីបាន សួរនាំ ជនសង្ស័យ តាមនីតិវិធីជំនាញ ជនសង្ស័យទាំង០៤នាក់ខាងលើបានសារភាពថា ខ្លួន ធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនលើកនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ។

ក្នុងចំណោមជនសង្ស័យទាំង០៤នាក់ កម្លាំងសមត្ងកិច្ចបានធ្វើតេស្ត រកសារធាតុញៀន ក្នុងខ្លួន ជន សង្ស័យ ជាលទ្ធផល ឈ្មោះ ចាន់ វិច្ឆិកា និងឈ្មោះ ងួន ឆាយហុង មានផ្ទុកសារធាតុញៀន។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាន លោកវរសេនីយ៍ទោ នួន សក្តិ័ចម្រើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់ ។ចំណែកបក្ខពួក របស់ជនសង្ស័យ មួយចំនួន ផ្សេងទៀត ត្រូវបាននគរបាល កំណត់អត្តសញ្ញាណ ដើម្បីតាមចាប់ខ្លួនបន្តទៀត៕

មតិយោបល់