ភ្នំពេញៈ ករណីចោរមួយក្រុម ធ្វើសកម្មភាពលួចយកម៉ូតូពីអ្នកជួលបន្ទប់មួយកន្លែង ដែលចតទុកក្បែរៗគ្នាអស់ចំនួន៩គ្រឿង សង្ស័យយកឡានកុងតឺន័រមកដឹកហើយ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ កើតទ្បើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ក្នុងភូមិដំណាក់ធំ៥ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងចំណោមម៉ូតូដែលត្រូវចោរលួច ទៅបាត់នោះ ក៏មានម៉ូតូរបស់មន្ត្រីនគរបាលម្នាក់ផងដែរ។
តាមការឲ្យដឹងពីក្រុមជនរងគ្រោះ ប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ពួកគាត់បានត្រលប់មកពីដើរលេងវិញ ហើយបានចតម៉ូតូទុកនៅមុខបន្ទប់ជួលដូចរាល់ដង រួចក៏ចូលបន្ទប់សម្រាន្តរៀងៗខ្លួន។
លុះព្រឹកឡើងចេញពីបន្ទប់ ប្រុងទៅធ្វើការតែចេញមិនរួច ក៏ផ្អើលឆោទ្បោ តេហៅម្ចាស់ផ្ទះឲ្យជួយបើកសោ ដោយក្រុមចោរមិនត្រឹមតែលួចម៉ូតូទៅទេ ថែមទាំងចាក់សោទ្វាររបស់ពួកគេពីខាងក្រៅទៀត។
នៅពេលបើកសោទ្វារចេញរួច មកក្រលេកមើលម៉ូតូបាត់អស់រលីង ទើបផ្អើឆោឡោរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឲ្យជួយអន្តរាគមន៏។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋ បានសូមណុំពរតាមរយៈសារព័ត៌មាន Post News ដល់លោកអធិការដែលទើបទ្បើងកាន់តំណែងថ្មី ជួយធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ព្រោះពួកគាត់ភាគច្រើន ចងការពីធនាគារយកមកទិញម៉ូតូ ដើម្បីជិះទៅធ្វើការងារនៅរោងចក្រ៕




មតិយោបល់