ព័ត៌មានជាតិ

ឃាត់ខ្លួនកម្មករលើកឥដ្ឋតាមឡានម្នាក់ ករណីខ្ចីម៉ូតូមិត្តភក្តិ ជិះទៅផឹកស្រាក្រឡុក ហៅនារី២នាក់មកអង្គុយ គ្មានលុយឲ្យបញ្ចាំម៉ូតូ

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានករណីរំលោភលើទំនុកចិត្ត (ម៉ូតូ) នៅចំណុចឡឥដ្ឋត្បូងពេជ្រ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ឆោម អាន ភេទប្រុស អាយុ៤២ឆ្នាំជនជាតិ ខ្មែរ មុខរបរ កម្មករឡឥដ្ឋ ទីលំនៅសព្វថ្ងៃ ស្នាក់នៅឡឥដ្ឋត្បូងពេជ្រ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ខុន វ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកឥដ្ឋតាមឡាន មានទីលំនៅសព្វថ្ងៃ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ ១.ម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្ដាល 1H.8513 ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ) ។

កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់ស្គាល់ទំនាក់ទំនងជាមួយគ្នា ដោយធ្វើជាកម្មករឡឥដ្ឋ ។ នៅថ្ងៃទី៣០.១២.២០២០ វេលាម៉ោង១៥និង៣០នាទី ក្រោយពីជនសង្ស័យបានផឹកស្រាជាមួយនឹងមិត្តភក្កិរបស់ខ្លួនរួច ជនសង្ស័យក៏បានទៅខ្ចីម៉ូតូ របស់ជនរងគ្រោះម៉ាកខាងលើ ដោយប្រាប់ជនរងគ្រោះថា ទៅដូរក្រវិលកំប៉ុងស្រាបៀរ ពេលនោះជនរងគ្រោះ ក៏ឲ្យសោម៉ូតូទៅជនសង្ស័យ ជិះទៅដោយសារស្គាល់ធ្លាប់រាប់អានគ្នា ។

បន្ទាប់មកជនសង្ស័យក៏ជិះម៉ូតូរបស់ជនរងគ្រោះ រហូតដល់ទំនប់កប់ស្រូវខណ្ឌសែនសុខ រាជធានីភ្នំពេញ ពេលទៅដល់ក៏បានជួបឈ្មោះ រី ជាកម្មករលើកឥដ្ឋតាមឡានជាមួយគ្នា ហើយក៏នាំគ្នាផឹកស្រាបៀរនៅទីនោះ រហូតដល់វេលាម៉ោង២០និង០០នាទី ទើបបែកផ្លូវគ្នា។ ក្រោយមកជនសង្ស័យ ក៏បានជិះម៉ូតូរបស់ជនរងគ្រោះ តែម្នាក់ឯងទៅផឹកស្រាបន្តទៀត នៅហាងស្រាក្រឡុក នៅម្ដុំព្រៃទា រាជធានីភ្នំពេញ ពេលនោះជនសង្ស័យ ក៏បានហៅនារីមកអង្គុយផឹកស្រា ជាមួយចំនួន០២នាក់ រហូតដល់វេលាម៉ោង០៣និង០០នាទីយប់ ឈានចូលថ្ងៃទី៣១.១២.២០២០ អស់ប្រាក់ចំនួន៣០ម៉ឺនរៀល ដោយគ្មានប្រាក់ឱ្យថ្លៃស្រាគេ ជនសង្ស័យក៏បានបញ្ចាំម៉ូតូរបស់ជនរងគ្រោះ ហើយខ្លួនក៏ដេកនៅទីនោះរហូតទល់ភ្លឺ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូកង់បី ត្រឡប់មកផ្ទះក្មួយឈ្មោះ ធីតា និងឈ្មោះ ចាន់ ណា នៅឡឥដ្ឋរបស់ឈ្មោះពិត ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ លុះនៅថ្ងៃទី៣១.១២.២០២០ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះក៏បានដឹងថា ជនសង្ស័យនៅឡឥដ្ឋរបស់ឈ្មោះ ពិត ក៏បានទៅនាំជនសង្ស័យ យកមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋានគរបាលស្រុកមុខកំពូល នៅវេលាម៉ោង២០និង៣០នាទីតែម្ដង។

ក្រោយពីទទួលបណ្ដឹងជំនាញក៏បានសាកសួរជនសង្ស័យ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ យកទៅផឹកស៊ីហើយដាក់បញ្ចាំពិតប្រាកដមែន។ ចំពោះជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។

ករណីនេះជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់