ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុក និងម៉ូតូ បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៤-២០៥ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១២ និង០៥នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដា សង់តែមទឹកមាស ពណ៌ព្រីងទុំ គ្មានស្លាកលេខ ជិះដោយបុរសវ័យចំណាស់ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ មកដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវក្នុងទិសពីត្បូងទៅជើង ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J 8835 ធ្វើដំណើរបញ្ច្រាសគ្នា បានបុកម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗមួយរំពេច។
ជនរងគ្រោះឈ្មោះ វាំង សំណាង ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ឆាយ មិនា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្នវត្ថុតាង រថយន្តនិងម៉ូតូ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរក្សាទុក និងចាត់ការតាមនីតិវិធី ។ រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់