ព័ត៌មានជាតិ

WHO៖ បាននិយាយថា ផលប៉ះពាល់សុខភាពផ្លូវចិត្តនៃជំងឺរាតត្បាតកូវីដ១៩ នឹងមានរយៈពេលវែង

អង្គការសុខភាពពិភពលោកដែលហៅកាត់ថា(WHO)បាននិយាយថា ផលប៉ះពាល់សុខភាពផ្លូវចិត្តនៃជំងឺរាតត្បាតកូវីដ១៩ នឹងមានរយៈពេលវែង ខណៈអ្នកជំនាញនិងអ្នកដឹកនាំអំពាវនាវឱ្យមានសកម្មភាពលើការថប់បារម្ភ និងភាពតានតឹង ដែលទាក់ទង នឹងជំងឺរាតត្បាត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅឯទីក្រុងអាតែនជាមួយនឹងរដ្ឋមន្រ្តីសុខាភិបាលមកពីប្រទេស ជាច្រើនទៀតថា “មនុស្សគ្រប់គ្នារងផលប៉ះពាល់តាមមធ្យោបាយមួយឬផ្សេងទៀត”។ “ការថប់បារម្ភជុំវិញការឆ្លងវីរុសជាឥទ្ធិពលនៃការប៉ះពាល់ផ្លូវចិត្ត” បានរួមចំណែកដល់វិបត្ដិសុខភាពផ្លូវចិត្តរួមជាមួយភាពតានតឹង ដែលជាប់ទាក់ទងនឹងភាពអត់ការងារធ្វើ ការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងការឃ្លាតឆ្ងាយពីសង្គម។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ ផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តនៃជំងឺរាតត្បាតនឹងមានរយៈពេលវែង” ។ គេបានបន្ថែមទៀតថា “ មនុស្សជាង ៤ លាននាក់បានបាត់បង់ជីវិតនៅទូទាំងពិភពលោក ជីវភាពរស់នៅមានភាពពិបាក ក្រុមគ្រួសារនិងសហគមន៍ ត្រូវបាន បង្ខំឱ្យបែកបាក់គ្នា អាជីវកម្មបានដួលរលំហើយប្រជាជនបានបាត់បង់ឱកាស។ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានការពង្រឹងសេវាសុខភាពផ្លូវចិត្តជាទូទៅ និងកែលម្អដើម្បីទទួលបានការថែទាំតាមរយៈ បច្ចេកវិទ្យា ហើយគេក៏បានជំរុញឱ្យមានសេវាកម្មគាំទ្រផ្លូវចិត្តនៅក្នុងសាលារៀន សកលវិទ្យាល័យ កន្លែងធ្វើការ និងប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕

 

មតិយោបល់