ភ្នំពេញៈ នៅវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់រហ័សនាម «អាជីងចក់» ដែលជំនាញដើរគាស់ផ្ទះគេ យកទៅសួរនាំ ត្រង់ចំណុចមុខផ្សារញ៉ែ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យ កម្លាំងបានធ្វេីការល្បាតក្នុងមូលដ្ឋាន ដេីម្បីការពារសុវត្ថិភាព ខណ:មកដល់ចំណុចផ្លូវលេខ២១៥ ម្តុំបុរីកីឡា ស្រាប់តែប្រទះឃេីញ ជនសង្ស័យ កំពុងតែធ្វេីសកម្មភាពឡេីងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ភ្លាមៗនោះ កម្លាំងក៏បានចុះទៅអន្តរាគមន៍ នឹងឃាត់បានខ្លួនជនសង្ស័យភ្លាមៗ រួចក៏បញ្ជូនជនសង្ស័យមកសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាតែម្តង ។
វត្ថុតាងដកហូតរួមមាន៖ សម្ភារគាស់ផ្ទះមួយចំនួន និងម៉ូតូម៉ាក ឡែត ១គ្រឿង ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1GX-8385 ។
ជនសង្ស័យមានឈ្មោះ ឌឺ ដារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅខណ្ឌទួលគោក ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕




មតិយោបល់