ព័ត៌មានជាតិ

Update: (មានវីដេអូ) ស្ត្រីម្នាក់មានវិបត្តិនៅក្នុងគ្រួសារ ប៉ងផ្តាច់សង្ខារដោយលោតទឹកសម្លាប់ខ្លួន

​ភ្នំពេញៈ ​ស្ត្រីម្នាក់មានវិបត្តិនៅក្នុងគ្រួសារដោយសារតែប្តី និងកូនធ្វើបាប ក៏បានសម្រេចចិត្តជិះម៉ូតូឌុបឡើងទៅលើស្ពានជ្រោយចង្វាចាស់​ បម្រុង​នឹងលោតទឹកសម្លាប់ខ្លួន​ តែត្រូវបានសិស្សសាលាមួយក្រុម​ បានឃើញ​ហើយជួយឃាត់ទាន់ពេល​។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង​៩និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

ស្ត្រីដែលបម្រុង​លោតទឹកសម្លាប់ខ្លួននោះ​ មានឈ្មោះ ហុង សុគន្ធា អាយុ​ ៤៧ឆ្នាំ​ មុខរបរ​ ជាអតីតថៅកែងហាងនំហុង អ៊ីងហ្វុង នៅម្តុំផ្សារដើមគរ​ បច្ចុប្បន្នស្នាក់នៅផ្ទះជួល​ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ ចំណែកឯប្តីមានឈ្មោះ​ គីម​ សុភ័ក្រ​ ហៅ​ នុត​ សំអុល​ មុខរបរប៉េអឹម ផ្ទៃប្រទេស។

បើតាមការបញ្ជាក់ពីស្ត្រីដែលចង់លោតទឹកសម្លាប់ខ្លួននោះ​ បានរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែមានវិបត្តិនៅក្នុងគ្រួសារ ប្តី និងកូនប្រុសម្នាក់បានធ្វើបាប និងបំផ្លាញទ្រព្យសម្បត្តិអស់ រហូតដល់ឥឡូវ​មកជួលផ្ទះគេនៅ​ ទើបរូបគាត់បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនតែម្តង​។ ក្រោយមកស្ត្រីខាងលើបានប្រាប់ថា ដំបូងឡើយគាត់មានផ្ទះនៅម្តុំផ្សារដើមគរ​ ហើយបានបើកហាងលក់នំ​មួយកន្លែង​នៅទីនោះ​ ដែលមានយីហោ ហុង អ៊ីងហ្វុង ហើយរូបគាត់មានកូន​ ៥នាក់​ ស្រី​២​ ប្រុស​៣​។

ស្ត្រីខាងលើបានបន្តទៀតថា​ មូលហេតុដែលនាំឲ្យគាត់ចង់សម្លាប់ខ្លួននោះ​ គឺដោយសារតែប្តីរបស់គាត់មិនបានគិតពីគ្រួសារទេ​ ហើយថែមទាំងដើរមានស្រី និងមិនគិតគូរក្នុងគ្រួសារ និងម្តាយរបស់គាត់ទេ ដោយថែមទាំងបានចោទ​គាត់ថា​ បានលេងល្បែងស៊ីសងទៀត ហើយបានរត់ចោលក្រុមគ្រួសាររយៈពេល​១៣ឆ្នាំមកហើយ​។
ក្រោយមក​ រូបគាត់ក៏បានបែកគំនិតបើកហាងធ្វើនំដែលមានយីហោ ហុង អ៊ីងហ្វុង នៅម្តុំផ្សារដើមគរ ជាមួយនិងកូនៗ​ របស់គាត់ទាំង​ ៤នាក់​ ។ បន្ទាប់មក​ ប្តីរបស់គាត់ឃើញក្រុមគ្រួសាររកស៊ីមានបានក៏សម្រេចចិត្តត្រឡប់មករស់នៅជាមួយគ្នាវិញបានរយៈពេល​ ៣ឆ្នាំ និងមានកូនស្រីម្នាក់​ នៅពេលដែលកូនស្រីពៅអាយុបានជាងមួយខួប ប្តីរបស់គាត់ក៏បានរត់ចោលក្រុមគ្រួសារទៅនៅជាមួយម្តាយ​ ដោយមានស្រីញី លែងខ្វល់ពីក្រុមគ្រួសារគាត់ទៀតហើយ​ ។

នៅពេលដែលប្តីរបស់គាត់រត់ចោលម្តងទៀត គាត់ក៏បានទៅជួលផ្ទះដែលធ្វើនំនៅម្តុំផ្សារដើមគរនោះ​ ហើយបានទៅខ្ចីលុយពីធនាគារចំនួន​ ៦ម៉ឺនដុល្លារ ដើម្បីយកមកបើកហាងធ្វើនំថ្មីមួយកន្លែងទៀតនៅព្រែកតាម៉ាក់ ដោយមានកូនប្រុសច្បងរបស់គាត់ជាអ្នកធ្វើនំតែម្តង និងមានកម្មករជិត​ ២០នាក់ផងដែរ​រួចមក​ កូនប្រុសច្បងរបស់គាត់ឈ្មោះ​ សិដ្ឋ​ ដែលជាអ្នកធ្វើនំនោះ​ បានមកបំផ្លាញអស់គ្មានសល់​ ហើយកូនប្រុសរបស់គាត់យកលុយនោះ​ ទៅលេងល្បែង និងផឹងស៊ី រហូតគ្មានលុយបើកឲ្យកម្មករ ទើបរូបគាត់ក៏សម្រេចចិត្តលក់ផ្ទះនៅម្តុំផ្សារដើមគរ​ ដើម្បីយកប្រាក់នោះ​ បើកឲ្យកម្មករ​ និងបង់ឲ្យធនាគារ​ ។

ស្ត្រីរូបនោះបានបន្តថា រូបគាត់បានមកជួលផ្ទះគេនៅម្តុំវត្តភ្នំ​ ដោយប្រកបរបរជាអ្នកលាងចានឲ្យបងប្អូន ក្នុងមួយថ្ងៃ​ គេឲ្យប្រាក់​ ១៥០០០រៀល​ ។​

លុះព្រឹកឡើង​ មុនពេលរូបគាត់បានទៅលោតទឹកសម្លាប់ខ្លួននោះ​ រូបគាត់បានតេទូរស័ព្ទទៅប្តីរបស់គាត់ ដោយបានប្រាប់ថា ពេលគាត់ស្លាប់ទៅឲ្យជួយយកកូនស្រី​ ២នាក់ទៅចិញ្ចឹមផង តែត្រូវប្តីឆ្លើយមកវិញថា​ រវល់ហាត់នៅបន្ទាយ​ អត់បានទៅយកទេ​ ហើយគាត់ក៏បានបិតទូរស័ព្ទ​។ ក្រោយមករូបគាត់ក៏បានហៅម៉ូតូឌុបជិះមកស្ពានជ្រោយចង្វា ដើម្បីលោតទឹកសម្លាប់ខ្លួនតែម្តង​។ ខណៈពេលជិះមកដល់លើស្ពានជ្រោយចង្វាក៏បានឲ្យលុយទៅម៉ូតូឌុបរួចបានដើរបានបន្តក៏ដោះស្បែកជើងឡើងលើបង្កាន់ដៃស្ពានបំរ៉ុងលោតទឹកសម្លាប់ខ្លួន តែសំណាងសិស្សសាលាមួយក្រុម​ បានបើកម៉ូតូមកដល់​ ឃើញដូចនេះ​ ក៏បានជួយឃាត់ទាន់ពេល ហើយបានទៅហៅប្រជាការពារដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វា​ នាំមកប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីសួរនាំស្វែងរកបងប្អូន​៕

មតិយោបល់