ព័ត៌មានជាតិ

អគ្គិភ័យ​ឆេះរោង​រថយន្តក្រុង​ ដឹកអ្នកដំណើរភ្នំពេញ ផ្អើលសមត្ថកិច្ច ចុះមកអន្តរាគមន៍

ភ្នំពេញៈ រោងស្នាក់នៅ និង​ផ្ទុក​គ្រឿង​បន្លាស់​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ភ្នំពេញ​ដឹក​អ្នកដំណើរ​ ត្រូវ​បាន​អគ្គិភ័យឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ សង្ស័យ​បណ្ដាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​។

ហេតុការណ៍នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាលពីវេលាម៉ោង​១២និង១០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ត្រង់ចំណុច​ខាងក្រោយ​ឆៀង​ខាង​ជើង​សាលាខណ្ឌ​សែនសុខ​​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៤៩៩​ ភូមិ​រោង​ចក្រ​ សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​។

តាម​ប្រភពពី​បុរសម្នាក់ជាព្រូរថយន្ត​ ដែល​ស្នាក់ក្នុង​រោង​កើតហេតុ​ខាងលើ​ បានឲ្យដឹង​ថា​ នៅមុន​ពេលកើតហេតុ​ ​គាត់​និងកៃកុងរថយន្តជាច្រើននាក់ទៀត ​កំពុង​តែ​ដេក​លក់​យ៉ាង​ស្កប់ស្កល់​ នៅទីតាំងខាងលើ។ ខណៈនោះក៏មាន​តៃកុង​រថយន្ត​ដែល​ដេក​ក្បែរ​គាត់​ បាន​ដាស់គាត់​សួរ​ថា​ មាន​ឆេះ​អីមែន​ ព្រោះមាន​ធំក្លិន​ឈ្ងៀម​ខ្លាំង​ណាស់។

ភ្លាមៗ​នោះ​គាត់​ក៏បាន​ងើបដើររកមើល​ ស្រាប់តែ​ឃើញ​មាន​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ លាយឡំ​នឹង​ផ្សែង​ខ្មួលខ្មាញ់​ កំពុង​តែ​ឆាបឆេះ​រោង​ស្នាក់នៅ​ និង​ស្តុក​គ្រឿង​បន្លាស់​រថយន្ត​ដែលគ្មានអ្នកដេក​នៅខាងក្នុង​​ ក៏បានស្រែក​ឆោឡោ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​តៃកុង​រថយន្ត​ផ្សេងៗ​ទៀត​ នាំគ្នា​ទាញ​ទុយយោ​ទឹក​បាញ់​ពន្លត់​ និងខ្លះ​ទៀត​នាំគ្នា​ជញ្ជូន​សម្ភារៈ​ជួសជុល​រថយន្ត​ចេញទៅ​ខាងក្រៅ​។

ប៉ុន្តែ​ដោយ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ ពួកគាត់ក៏បាន​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យចុះ​មក​អន្តរាគមន៍។ បន្ទាប់​មកសមត្ថកិច្ច​មូល​ដ្ឋាន​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ចំនួន​៧គ្រឿង​ ធ្វើការ​បាញ់​ពន្លត់​អណ្តាតភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ​រោង​ខាងលើ​អស់ទឹកចំនួន​៤គ្រឿង​ ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ​ គឺ​រលត់​នៅ​ម៉ោង​១២និង៤០នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​។

សមត្ថកិច្ច​បានឲ្យដឹងថា​ ហេតុការណ៍​ខាងលើ​នេះ​ មិន​បង្ក​ឲ្យ​មានអ្នករងរបួសឬក៏ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​នោះ​ទេ​ គឺ​ខូតខាត​តែ​រោ​ង​​ទំហំ​ប្រមាណ​៥​X១៥ម៉ែត្រ​ ដែល​បាំង​ស័ង្កសី​ឆេះអស់ទាំងស្រុង​ និងគ្រឿង​បន្លាស់​រថយន្ត​ រួមទាំងឧបករណ៍ និង​សម្ភារៈ​សម្រាប់​ជួសជុល​រថយន្ត​មួយ​ចំនួន​ធំ​ទៀត​ ត្រូវបាន​ឆេះខូចខាតអស់។

​ករណី​អគ្គិភ័យ​នេះ​ ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋានថា​ គឺ​បណ្ដាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​ ដែល​នៅ​ក្នុង​ រោងកើតហេតុខាងលើ៕​

មតិយោបល់