តាមប្រភពពី ExpressTribune ចេញផ្សាយ កាលពីថ្ងៃទី ២៥ វិច្ឆិកា បានឱ្យដឹងថា ស្ត្រីជនជាតិប៉ាគីស្ថានម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ពីបទសម្លាប់ប្តី និងយកសាច់ទៅធ្វើម្ហូប។ ហេតុការណ៍ដ៏ព្រៃផ្សៃនេះកើតឡើងនៅតំបន់ Shah Faisal ទីក្រុង Karachi ខេត្ត Sindh ប្រទេស ប៉ាគីស្ថាន ។
ប៉ូលិសបានឱ្យដឹងថា ស្ត្រីកំណាចរូបនេះឈ្មោះ Zainab Bibi អាយុ៤០ និងជនពាក់ព័ន្ធម្នាក់ទៀតឈ្មោះ Zaheer Allah Ditta អាយុ ២២ឆ្នាំ ដែលត្រូវជាក្មួយប្រុសរបស់នាង ។
តាមសម្តីរបស់ម្ចាស់ផ្ទះរស់នៅជាន់ក្រោម ដោយជួលឱ្យពួកគេនៅជាន់ទី២បានឱ្យដឹងថា គាត់មានការរន្ធត់យ៉ាងខ្លាំង ខណៈដែលគាត់ប្រទះឃើញនាង Zainab កំពុងស្លរការី ជាមួយសាច់ដែលកាប់ចេញពីដៃ និងជើងប្តីរបស់នាង។
លោក Nhalid Nadeem Baig នាយប៉ូលិសប្រចាំតំបន់បាននិយាយថា ភស្តុតាង ជាក់ស្តែង គឺសាច់ដែលបានចំអិន និងមិនទាន់ចំអិនត្រូវបានរកឃើញនៅក្នុងផ្ទះបាយរបស់នាង។ លោកបន្តថា ពួកគេសម្លាប់លោក Ahmed Abbas រួចកាប់ជាដុំៗ និងយកសាច់មួយចំនួនទៅចំអិនធ្វើម្ហូប។ ដោយឡែកបណ្តាញទូរទស្សន៍បានបង្ហាញនូវឆ្អឹងជើង ព្រមទាំងសាច់ដែលដាក់ក្នុងឆ្នាំង ត្រៀមនឹងដាក់លើចង្រ្កានគួរឱ្យញញើតផងដែរ ។
ឃាតកជាភរិយាបានរៀបរាប់ប្រាប់ExpressTribune ថា នាងរស់នៅជាមួយកូនស្រីម្នាក់ឈ្មោះSonia អាយុ១៨ឆ្នាំ ប្តីរបស់នាងបានស្លាប់រយៈពេល១២ឆ្នាំហើយ ។ ក្រោយមកបានរៀបការយកប្តីថ្មីគឺលោក Ahmed Abbas ទើបតែបានរយៈ៥ឆ្នាំប៉ុណ្ណោះ ហើយគាត់ធ្លាប់ជាគ្រូបង្រៀនកូនស្រីរបស់នាងកាលនៅសាលា ។
នាង បន្តថា នៅព្រឹកថ្ងៃទី ២៤ វិច្ឆិកា នាងបានរៀបចំអាហារពេលព្រឹកដល់លោក Abbas ហើយបានដាក់ថ្នាំរម្ងាប់អារម្មណ៍ (Sedative)ចំនួន៥គ្រាប់នៅក្នុងកាហ្វេ នៅពេលថ្នាំចាប់ផ្តើមជ្រាបពេញខ្លួន ក៏យកខ្សែពួរមកចង.កសម្លាប់តែម្តង។ នាងបន្តថា ពេលប្តីរបស់នាងស្លាប់ភ្លាម នាងមានអារម្មណ៍ភិតភ័យយ៉ាងខ្លាំង និងគ្មានសេចក្តីក្លាហានចូលទៅជិតសពប្តីរបស់នាងឡើយ។
នាងបានសារភាពថា មូលហេតុដែលនាងសម្លាប់លោក Abbas ព្រោះគាត់ព្យាយាមចាប់រំលោភកូនស្រីរបស់នាង ហើយនាងបានប្រាប់កុំឱ្យប្រព្រឹត្តបែបនេះជាច្រើនលើកច្រើនសាមក ហើយ។ នាងថែមទាំងបញ្ជាក់ថា លោក Abbas មិនដែលជួយការងារផ្ទះម្តងណាទេ មិនត្រឹមតែប៉ុណ្ណោះ ពេលត្រឡប់មកដល់ផ្ទះ គាត់តែងតែស្រវឹងស្រា និងប្រើពាក្យអសុរសមកលើនាងទៀតផង។
ដោយឡែក ក្មួយប្រុសរបស់នាង លោក Zaheer Allah Ditta បានសារភាពថា មិនពាក់ព័ន្ធនឹងអំពើឧក្រដ្ឋិកម្មនេះទេ ។
ចំពោះ ករណីនេះ លោក Shehzad Ejaz Alamgeer មន្ត្រីផ្នែកស៊ើបអង្កេត បាននិយាយថា ពាក្យសម្តីរបស់ Sonia និងការធ្វើកោសល្យវិច្ឆ័យលើរូបនាង គឺជាចំណុចសំខាន់បំផុតចំពោះទស្សនៈផ្លូវច្បាប់ ៕




មតិយោបល់