ព័ត៌មានជាតិ

គ្រប់ល្បិចកល់ហើយចោរសម័យនេះ! ចូលទិញស្រាបៀរមួយកេសឃើញមានឳកាស បន្លំចូលក្នុងផ្ទះលួចលុយអស់១,៥០០០ដុល្លារ រួចគេចខ្លួនបាត់ស្រមោល

បន្ទាយមានជ័យៈ ក្រុមចោរថ្លើមធំ មានគ្នាប្រហែល៣នាក់ បានធ្វើសកម្មភាពទៅទិញស្រាបៀរមួយកេស រួចឲ្យលុយរាយទៅអ្នកលក់ ខណៈដែលជនរងគ្រោះរវល់រាប់លុយ ចោរឆ្លៀតឱកាស ចូលទៅក្នុងផ្ទះលួចលុយបាន ១៥,០០០ដុល្លារ(មួយម៉ឺនប្រាំពាន់ដុល្លារ) រួចគេចខ្លួនបាត់ស្រមោលតែម្តង ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២និង២៥នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ពៅ ខេមរា អធិការរងក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆែម សុទុម ភេទស្រី រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យមានគ្នាប្រហែល៣នាក់ បានមកទិញស្រាបៀរ១កេស ហើយបានឲ្យលុយសុទ្ធតែរាយ ។ ពេលគាត់កំពុងរាប់លុយ ខណ:នោះជនសង្ស័យបានលួចចូលទៅក្នុងផ្ទះ បានយកលុយក្នុងកាបូបដែលទុកក្នុងផ្ទះ រួចឡើងម៉ូតូទៅបាត់ ក្រោយមកគាត់ក៏បានមើលលុយក្នុងកាបូបបាត់លុយអស់ ១៥,០០០ដុល្លារ ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
លោកអធិការរង បានប្រាប់ទៀតថា ៖ ជនសង្ស័យទំនងជាបានដឹងមុនថា ជនរងគ្រោះបានដាក់លុយក្នុងកាបូប ទើបពួកវារៀបចំផែនការធ្វើសកម្មភាពបែបនេះ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់