ព័ត៌មានជាតិ

ចិន​បញ្ជូន​ស្ត្រី​ខ្មែរ​ម្នាក់​ មក​កម្ពុជា​វិញ​ បន្ទាប់ពី​ចាញ់បោក​មេខ្យល់​យក​ទៅ​លក់​

សៀមរាបៈ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចក្រ​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ បាន​ទទួល​ និង​សម្រួល​បែបបទ​ចូល​ប្រទេស​ ជូន​ស្ត្រី​រង​គ្រោះ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ ដែល​ត្រូវ​សមត្ថកិច្ច​ រៀបចំ​បែបបទ​បញ្ជូន​មក​ពី​ប្រទេស​ចិន​ នា​វេលា​ម៉ោង​ ០២​និង​៣៥​នាទី​ ទៀប​ភ្លឺ​ ថ្ងៃ​សុក្រ​ ៣​រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ តាម​ជើង​យន្តហោះ​ LQ911​ (CSX-REP)​ មក​ពី​ទីក្រុង​ CHANGSHA​ ប្រទេស​ចិន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ ច​ ស.​ណ​ ​ ភេទស្ត្រី​ អាយុ​២២​ឆ្នាំ​ ដោយសារ​ស្ត្រី​រង​គ្រោះ​ បាន​រត់គេច​អំពី​ការ​ធ្វើបាប​ពី​សំណាក់​ប្តី​ជនជាតិ​ចិន​ ដែល​ត្រូវ​មេខ្យល់​នាំ​យក​ទៅ​លក់​។​

ស្ត្រី​រង​គ្រោះ​បាន​ចេញពី​ប្រទេស​កម្ពុជា​ តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​ក្នុង​ឆ្នាំ​២០១៧​ ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​ ហើយ​ចូល​ប្រទេស​ចិន​តាម​ច្រករបៀង​ នៃ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ និង​ខេត្ត​ហ៊ូ​ណា​ន​ ប្រទេស​ចិន​។​

បច្ចុប្បន្ន​ស្ត្រី​រង​គ្រោះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ ធ្វើការ​អប់រំ​ និង​បំពេញបែបបទ​ចូល​ប្រទេស​ជា​ធម្មតា​ ហើយ​ត្រូវ​បាន​អង្គការ​មេត្រី​អន្តរជាតិ​ មក​ទទួល​គាំពារ​៕

មតិយោបល់