ភ្នំពេញៈ កម្មកររោងចក្រជាច្រើននាក់ បានដួលសន្លប់ ជាបន្តបន្ទាប់ នៅរោងចក្រអូលីវ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ករណីខាងលើនេះ មិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ ក្រោយកើតហេតុភ្លាមខាងរោងចក្រ លួចដឹកជនរងគ្រោះចេញ ដោយមិនបានសហការ ជាមួយសមត្ថកិច្ច ឬរថយន្តសង្រ្គោះរបស់អង្គភាពរដ្ឋឡើយ ធ្វើឲ្យផ្អើលកម្មករ ទូទាំងរោងចក្រតែម្តង ។
ប្រភពពីកម្មករ បានឲ្យដឹងថា ពួកគាត់ក៏មិនទាន់ដឹងអំពីមូលហេតុដែរ តែក្នុងរោងចក្រមានធំក្លិនឈ្ងៀម ដូចជាក្លិនប្រេងម៉ាស៊ីនចាស់ៗ កម្មករខណៈដែលកំពុងធ្វើការងារ ស្រាប់តែឆោឡោឡើង ដួលសន្លប់ជាបន្តបន្ទាប់ ពេលឃើញរថយន្តគ្លីនិកមូលមិត្ត រថយន្តក្រុមហ៊ុនរោងចក្រ តាមម៉ូតូផ្ទាល់ខ្លួន ដឹកបញ្ជូនជនរងគ្រោះ ទៅពេទ្យ។
ប្រភពដដែលបន្ដថា រោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ មានកម្មករសរុបចំនួន២០១០នាក់ ប្រុស១៤៧ ហើយនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានកម្មករដួលសន្លប់ជាបន្តបន្ទាប់ ក្រោយពីមានភាយក្លិនម្យ៉ាងឈ្ងៀម ឈួលដូចប្រេងម៉ាស៊ីន ប្រើហើយ ទើបកម្មករសន្លប់សរុបចំនួន៥១នាក់ បញ្ជូនទៅគ្លីនិក ហ៊ាង មុន្នីវុធ ផ្លូវជាតិលេខ៣ គ្លីនិកមូលមិត្ត គ្លីនិកឡាំ ប៊ុនថន ។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក្រោយពីកើតហេតុការណ៍ នៅរោងចក្រខាងលើ សង្ស័យមកពីផ្អើលនឹងក្លិន ប្រេងម៉ាស៊ីន ទើបស្រាវជ្រាវ តាមស្វែងរកក្លិន ឃើញមានប្រេងម៉ាស៊ីន នៅយានដ្ឋាន រថយន្តមួយកន្លែង ជាប់នឹងរបងជ្រុងខាងត្បូងរោងចក្រ ។
តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចជំនាញ ពាក់ព័ន្ធបន្តធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីរកមូលហេតុឲ្យពិតប្រាកដ។
ក្រោយពីកបញ្ជូនកម្មកររងគ្រោះ ទៅពេទ្យអស់ កម្មករនៅសល់ ត្រូវបានក្រុមហ៊ុនអនុញាតិឲ្យឈប់សម្រាក ការងារជាបណ្តោះអាសន្ន៕





មតិយោបល់