ភ្នំពេញៈ នារីរកស៊ីផ្លូវភេទម្នាក់ត្រូវបុរសជាអ្នកធាក់ស៊ីក្លូកាប់មួយកាំបិតប៉័ងតោចំក្បាលរបួសធ្ងន់ ព្រោះទាស់សម្តីរឿងតថ្លៃមិនត្រូវរ៉ូវគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំនុចសួនបាញ់ទឹកមុខសាលាជាតិគ្រប់គ្រង(NUM) ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ប្រភពឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាត វី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបររកស៊ីផ្លូវភេទ មានទីលំនៅផ្ទះជួល សង្កាត់ទួលសង្កែ និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវរបួសត្រង់ក្បាល ចំណែកជនបង្កមានឈ្មោះ មឿន ម៉ាច ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបរអ្នកធាក់ស៊ីក្លូ មានទីលំនៅស្រុកពារាំង ខេត្តព្រៃវែង។
តាមការរៀបរាប់ប្រាប់របស់ជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងអង្គុយចាំម៉ូយជាធម្មតា នៅកន្លែងបាញ់ទឹកមុខសាលា NUM ស្រាប់តែជនបង្កមិនដឹងដើរមកពីណាទេក្នុងស្ថានភាពស្រវឹង មកនិយាយតថ្លៃមិនត្រូវរ៉ូវគ្នា និងមានពាក្យមិនគួរសមដាក់រូបគាត់ គាត់ក៏តបវិញថា ទោះគាត់ជាស្រ្តីរកស៊ីផ្លូវភេទមែន ក៏មិនត្រូវនិយាយសម្តីបែបមើលងាយគាត់ដូច្នេះដែរ គ្រាន់តែនិយាយមិនទាន់ចប់ស្រួលបួលផង ក៏ត្រូវជនបង្កទាញកាំបិតប៉័ងតោកាប់ចំក្បាលហូរឈាមកក្លាក់ បន្ទាប់ពីកាប់ហើយ ជនបង្កបានរត់ឡើងធាក់ស៊ីក្លូរត់គេចខ្លួន ហើយរូបគាត់ក៏ហៅម៉ូតូឌុបជិះដេញតាមទាំងក្បាលហូរឈាមរហូតដល់ផ្លូវ១៧៨ ជាប់ខាងជើងរបងវិទ្យាល័យស៊ីសុវត្តិសង្កាត់ផ្សារថ្មីទី៣ ទើបតាមទាន់ និងប្តឹងប៉ូលិសចាប់បានតែម្តង។
តែបើតាមសម្តីរបស់ជនបង្កវិញបាននិយាយថា មុនពេលកើតហេតុ រូបគាត់ត្រឡប់មកពីធាក់ស៊ីក្លូវិញ ក៏ចូលទៅដកទឹកនៅសួនបាញ់ទឹកមុខសាលា NUM ក្បែរស្ត្រីរងគ្រោះ ក៏ត្រូវស្ត្រីរងគ្រោះស្តីថាឲ្យ ព្រមទាំងហៅបក្សពួកដែលជាបុរស២នាក់ប្រដាប់ដោយដំបង និងដែកសរសៃដើរសំដៅរូបគាត់បម្រុងវាយ តែរូបគាត់បានរត់ទៅយកកាំបិតប៉័ងតោនៅក្រោមកែបស៊ីក្លូកាប់ត្រូវស្រ្តីរងគ្រោះចំក្បាល រួចហើយរូបគាត់ក៏រត់ឡើងជិះស៊ីក្លូរត់តែម្តងទៅ។
ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះទៅដល់កន្លែងដែលជនល្មើសត្រូវគេចាប់បាន និងបានបញ្ចូនជនបង្កទៅប៉ុស្តិ៍វត្តភ្នំដែលជាកន្លែងកើតហេតុ ដើម្បីសាកសួរ និងកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនិតិវិធី៕
មតិយោបល់