ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើប បុកទ្បើងគល់ស្ពានបេឡេថ្មី ជាប់ទៅមុខលែងរួច

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ចេញពីការ៉ាសសាំង ក្នុងល្បឿនលឿនដូចហោះ រេចង្កូតកង់ខាងមុខទាំងពីរ បុកទ្បើងជាប់គល់ស្ពានរងការខូចខាត ទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចគល់ស្ពានប៉េឡេថ្មី ក្នុងភូមិឃ្លាងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង ម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS 6797 ធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន ចេញពីការ៉ាសសាំង បានរេចង្កូតជ្រុលទៅបុកខឿនគល់ស្ពានពេញទំហឹង បណ្ដាលឲ្យរថយន្តកង់មុខទាំងពីរហោះពាក់គល់ជាប់ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតភ្លាមៗ ដោយម្ចាស់បានចរចា ជាមួយក្រុមហ៊ុនខាងស្ពាន សងសំណង៨០០ដុល្លារដើម្បីបញ្ចប់រឿង៕

មតិយោបល់