រដ្ឋាភិបាលជប៉ុនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ឱនភាពពាណិជ្ជកម្មរបស់ជប៉ុនមានចំនួន ៩៦០,៣ពាន់លានយ៉េន ប្រហែល ៩,៨ពាន់លានដុល្លារអាមេរិក នៅក្នុងខែសីហា។
ឱនភាពនេះគឺជាកំណត់ត្រាខ្ពស់ដំបូងនៃតុល្យភាពពាណិជ្ជកម្មរបស់ជប៉ុនដែលបានកត់ត្រាទុកនៅក្នុងរយៈពេល ១៤ខែប្រទេសជប៉ុនធ្លាប់ជួបឱនភាពដូចគ្នានេះ កាលពីចន្លោះខែកក្កដា ឆ្នាំ ១៩៧៩ ដល់ខែសីហា ឆ្នាំ ១៩៨០ ដែលនៅពេលនេះ ជប៉ុនបានកត់ត្រាទុកជាប្រវត្តិសាស្ត្រ និងជាកំណត់ត្រាខ្ពស់ក្នុងរយៈពេល ១៤ខែ។
នៅក្នុងរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ថា ការនាំចេញរបស់ជប៉ុនកើនឡើង ១៤,៧ភាគរយ ចំណែកឯការនាំចូលវិញកើនឡើង ១៦ភាគរយ។ ការនាំចេញទៅចិនកើនឡើង ១៥,៨ភាគរយ ស្មើនឹងទឹកប្រាក់ចំនួន ១.១១៩ពាន់លានយ៉េននៅក្នុងខែសីហា ចំណែកឯការនាំចូលពីចិនវិញ កើនឡើង ១៧,៦ភាគរយ ស្មើនឹង ១.៤២៣ពាន់លានយ៉េន។
សម្រាប់ការនាំចេញទៅកាន់សហភាពអឺរ៉ុប កើនឡើង ១៨ភាគរយ ស្មើនឹង ៥៦៤,៥ពាន់លានយ៉េន ខណៈដែលការនាំចូលពីសហភាពអឺរ៉ុបកើនឡើង ១១,២ភាគរយ ស្មើនឹង ៦៣៨,៣ពាន់លានយ៉េន។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកកើនឡើងខ្ពស់រហូតដល់ទៅ ២០,៦ភាគរយ ស្មើនឹង ១.០៦៩ពាន់លានយ៉េន ស្របពេលដែលការនាំចូលកើនឡើង ១៤ភាគរយ ស្មើនឹង ៥៧៤,២ពាន់លានយ៉េន៕
មតិយោបល់