ភ្នំពេញៈ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ២០១៩ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់ ពាក់ព័ន្ធអំពើលួច នៅចំណុចក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ រិទ្ធ មុន្នីរ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២៣ ផ្លូវ៦១៤ សង្កាត់បឹងកក២ ខណ្ឌទួលគោក (មានសារធាតុញៀ) ។
ចំណែកជនរងគ្រោះ០២នាក់ ទី១-ឈ្មោះ សម្បត្តិ រតនា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារអ៊ីអន២ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងទី២-ឈ្មោះ វិង ស្រីណា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឱរ៉ាល់ហ្វូត ស្នាក់នៅផ្ទះលេខ២៣២ ផ្លូវលំ ភូមិទួ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
សម្ភារបាត់បង់៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាក oppo របស់ជនរងគ្រោះឈ្មោះ សម្បត្តិ រតនា។ សម្ភារបន្សល់ទុក៖ កាបូបដៃចំនួន០១ មានលុយចំនួន៧០០ ដុល្លារ និងលុយខ្មែរចំនួន១៣០,០០០រៀល របស់ជនរងគ្រោះ ឈ្មោះ វិង ស្រីណា (ប្រគល់ឲ្យជនរងគ្រោះវិញ) ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទី១ (ឈ្មោះ សម្បត្តិ រតនា) បានដើរទិញទំនិញនៅក្នុងផ្សារម៉ាក្រូ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ដើរមកជិតជនរងគ្រោះទី១ រួចធ្វើសកម្មភាពលូកយកទូរស័ព្ទដៃ ពីក្នុងកាបូបរបស់ជនរងគ្រោះ បានសម្រេច ហើយក្រុមជនសង្ស័យក៏បាននាំគ្នាគេចខ្លួន ដោយជនសង្ស័យឈ្មោះ ស្រី ង៉ោ ចេញទៅមុន ពេលជនសង្ស័យឈ្មោះ រិទ្ធ មុន្នីរ័ត្ន ដើរចេញមកដល់កន្លែងផ្ញើម៉ូតូបានជួប និងជនសង្ស័យទី២ (ឈ្មោះ វិង ស្រីណា) កំពុងបណ្តើរម៉ូតូចេញពីកន្លែងផ្ញើម៉ូតូ ដោយមានកាបូបស្ពាយ នៅខាងក្រោយ ជនសង្ស័យឈ្មោះ រិទ្ធ មុន្នីរ័ត្ន បានធ្វើសកម្មភាពរូតកាបូបស្ពាយ របស់ជនរងគ្រោះទី២ យកបានកាបូបដៃ ពីក្នុងកាបូបស្ពាយ តែត្រូវជនរងគ្រោះឃើញ ស្រែកថាចោរៗ ហើយត្រូវបានប្រជាពលរដ្ឋ នាំដេញតាមចាប់បានជនសង្ស័យឈ្មោះ រិទ្ធ មុន្នីរ័ត្ន ប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ស្រីង៉ោ បានគេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់