បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងយន្តលុចស៊ីស បើកបុករថយន្ត២គ្រឿង រួចបន្តទៅបុកអ្នកជិះម៉ូតូ២គ្រឿងទៀត បណ្ដាលឲ្យមនុស្សប្រុសស្រី ចំនួន២នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ ៥ ទល់មុខសាលាខេត្តបន្ទាយមានជ័យ (រង្វង់មូលដៃ៣២) ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តលុចស៊ីសមួយគ្រោះ បើកបរដោយឈ្មោះ ភិន វ៉ាយយ៉ា ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិចក្រី ឃុំចក្រី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីលិចទៅកើត បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយស្រវឹង ទៅបុកជាមួយរថយន្ត២គ្រឿងស្របទិសគ្នា ១គ្រឿងម៉ាក កាម៉ារី ពណ៌ស បើកបរដោយឈ្មោះ លឿម រតនៈ ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ សម្បិត្ត ឆេង ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិផ្សារកណ្តាល សង្កាក់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបន្តទៅបុកអ្នកជិះម៉ូតូចំនួន២គ្រឿងទៀត ដែលបើកបរច្រាសទិសគ្នា ពីកើតទៅលិច។
អ្នកបើកម៉ូតូឈ្មោះ ប៉ោង សុម៉ាលី ភេទស្រី នៅភូមិតារាងប៉ាល់ សង្កាត់កំពង់ស្វាយ ក្រុសិរីសោភ័ណ របួសធ្ងន់ និងម្នាក់ទៀតឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ របួសធ្ងន់ ។
មូលហេតុ៖ ដោយសារអ្នកបើកបររថយន្តលុចស៊ីស ពណ៌ខ្មៅ បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយស្រវឹង។
ក្រោយកើតហេតុ អ្នករងរបួសធ្ងន់២នាក់ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តខូចខាតធ្ងន់ទាំង៣គ្រឿង ត្រូវបានយកមករក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត រងចាំធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់