ខុសពីជំនាញដែលគេបានឃើញថា ពិធីការិនីកញ្ញា ដាវណ្ណ មានទេពកោសល្យខ្ពស់ ក្នុងតំណែងជាអ្នកអត្ថាធិប្បាយព័ត៌មាន និងជាពិធីការិនី តារាស្រីរូបនេះ បែរជាអះអាងថា កញ្ញាមានក្ដីស្រម៉ៃមួយ គឺចង់ក្លាយជាថៅកែភោជនីដ្ឋានមួយ ដូចគ្នានឹងមិត្តរបស់នាង ដែលក្នុងពេលនេះ បានក្លាយជាថៅកែភោជនីយដ្ឋានចិន ដល់ទៅ២កន្លែង ហើយជោគជ័យខ្លាំង។ កញ្ញាថាបើទោះជានាង ត្រូវគេឃើញសកម្មភាព នឹងមុខជំនួញលក់ប្រហុក តាមអនឡាញបន្ថែមពីលើអាជីពជាពិធីការិនី ប៉ុន្តែការពិតក្ដីស្រម៉ៃ របស់នាង គឺចង់ក្លាយជាថៅកែភោជនីយដ្ឋានឯណោះទេ ទើបនាងរមែងមកលួចតំរិះពីម្ចាស់ហាង ដែលជាមិត្តភ័ក្រ្តជាប្រចាំ ដើម្បីអោយទទួលបានចំណេះដឹង និងបទពិសោធន៍ ក្នុងការបើកជំនួញ។
កញ្ញា ដាវណ្ណ បានថ្លែងបញ្ជាក់ថា កញ្ញាពិតជាមានអារម្មណ៍កញ្ជ្រោលយ៉ាងខ្លាំង ដែលឃើញអ្នកនាងស្រី ណេ ជាមិត្តភ័ក្រ្តរបស់នាង កាន់តែជោគជ័យក្នុងមុខជំនួញបើកភោជនីយដ្ឋានចិន ខណៈដែលថៅកែហាងរូបនេះ កាលពីប៉ុន្មានឆ្នាំមុន គឺគ្រាន់តែជាអ្នករត់តុម្នាក់ប៉ុណ្ណោះ។ កញ្ញា ថាស្រីណេ ក្រោយពីបានរៀបការជាមួយចៅភៅជនជាតិចិនម្នាក់ ដែលកាលពីមុនគ្រាន់ តែជាបុគ្គលិកប្រចាំហាងដូចគ្នា ក៏បែកគំនិតបើកភោជនីយដ្ឋានខ្លួនឯង ហើយបើកតាំងពីអាជីវកម្មតូចតាច រហូតជោគជ័យក្លាយជាថៅកែហាងធំ នាពេលបច្ចុប្បន្ន។
មកទល់ពេលនេះ កញ្ញាថា មិត្តសម្លាញ់របស់ខ្លួនរូបនេះ បានក្លាយជាថៅកែហាង «គាវ មី ឆ្នាំងភ្លើងសាច់អាំង» ពីរកន្លែង ដោយមួយកន្លែង ស្ថិតនៅលើផ្លូវព្រះមុន្នីវង្ស ម្ដុំពេទ្យចិន ទល់មុខក្រុមហ៊ុនហុងដា និងសាខាមួយទៀត ស្ថិតនៅទល់មុខព្រលានយន្តហោះភ្នំពេញ ជិតក្លោងទ្វារវត្តសុភាឃួន ដោយសារនៅសាខាទី២នេះ គឺក្រៅពីមានលក់អាហារចិន តែជាប្រភេទរសជាតិបែបខ្មែរគ្រប់មុខ ក៏មានសេវាដឹកជញ្ជូនដល់កន្លែង និងបញ្ចុះតម្លៃ២០ភាគរយ រហូតដល់បំណាច់ខែកុម្ភៈនោះផង។ កញ្ញាកាន់តែមានចំណាប់អារម្មណ៍ ចង់បើកជំនួញដូចមិត្តសម្គាញ់រូបនេះ បន្ទាប់ពីឃើញលំហូរចូលជនជាតិចិន កាន់តែច្រើន ហើយឃើញអ្នកនាងស្រីណេ សប្បាយកើបលុយ ពីអាជីវកម្មដែលបើកដំណើរការ។ អ៊ីចឹងហើយទើបកញ្ញាចំណាយពេលមកទទួលយកចំណេះដឹង ពីមិត្តម្នាក់នេះភាគច្រើន ដើម្បីអោយទទួលបានបទពិសោធន៍ផង និងចំណេះដឹងផង ដើម្បីអោយប្រាកដថា បើនាងមានលទ្ធភាពបើកហាង តើកញ្ញាគួរបើកភោជនីយដ្ឋានបែបចិន ដូចគ្នាបែបនេះឬទេ?
ពិធីការិនីដាវណ្ណ បន្តថា ពីមុនកញ្ញាមិនមានចំណូលចិត្ត បើកហាងអាហារចិននោះទេ ប៉ុន្តែក្រោយពេលឃើញអ្នកនាងស្រីណេ ជោគជ័យលើកមុខជំនួញនេះ ហើយក៏ទទួលបាននូវចំណេះដឹងច្រើនផង គឺធ្វើអោយកញ្ញាចាប់ផ្ដើមមានចំណូលចិត្ត។ កញ្ញាបន្តថា ខ្លួនបានស្គាល់អ្នកនាងស្រីណេ តាំងពីអ្នកនាងនៅលីវ នៅជាអ្នករត់តុក្នុងហាងចិនមួយម្ល៉េះ ប៉ុន្តែក្រោយការរាប់អាន បងប្អូនរបស់ស្រីណេ ក៏បានប្រែក្លាយជាគូដណ្ដឹងនាងផង ទើបធ្វើអោយនាង និងអ្នកនាងស្រីណេ បានក្លាយជាបងប្អូនសាច់ឆ្ងាយ នឹងគ្នាថែមមួយកម្រិតទៀត ដែលកាន់តែធ្វើអោយនាង មានទំនាក់ទំនងស្និទ្ធគ្នាឡើង ក្រោយពីនាង ក៏ចេះតែចេញចូលហាង ដើម្បីក្រេបយកចំណេះដឹង ក្នុងអាជីវកម្មនោះផង។
យ៉ាងណាមិញ កញ្ញាបញ្ជាក់ថា ហេតុផលដែលអ្នកនាងស្រីណេ ទទួលបានជោគជ័យក្នុងអាជីវកម្មអាហារចិន ក៏ដោយសារតែអ្នកនាងស្រីណេ ហ៊ានបោះទុនជួលទីតាំងល្អ ដើម្បីបើកហាង និងក៏ដោយសារតែនាង និងស្វាមីសុទ្ធតែមានជំនាញ ផ្នែកចុងភៅខ្លួនឯង និងគ្រប់គ្រងបុគ្គលដោយខ្លួនឯងប៉ុណ្ណោះ ចំណុចនេះហើយ ដែលធ្វើអោយនាងស្ទាក់ស្ទើរ បើទោះជាដល់ពេលមួយមានដើមទុនគ្រប់គ្រាន់៕
មតិយោបល់